(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ ឬព្រឹត្តិការណ៍ Ultra Trail Angkor ឆ្នាំ២០១៦រួចមក នៅថ្ងៃទី១៦ ខែមករានេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រុមហ៊ុនទេសចរណ៍បារាំង Phoe nix voyages បានសន្និសីទរួមគ្នាមួយ ដើម្បីប្រកាសរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះ ជាលើកទី២ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០១៧ចុងសប្ដាហ៍នេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា មកទល់ពេលនេះមានភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណ ៥០០នាក់មកពីជាង ៣៧ប្រទេសលើពិភពលោកដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ Ultra Trail Angkor លើកទី២នេះ ដែលភ្ញៀវទេសចរបារាំងចុះឈ្មោះច្រើនជាងគេ ឈរលំដាប់លេខ១, អង់គ្លេសឈរចំណាត់ថ្នាក់លេខ២ និងអាល្លឺម៉ង់ឈរចំណាត់ថ្នាក់លេខ៣ គ្រាដែលកាលពីឆ្នាំ២០១៦ មានចូលរួមប្រមាណ ៣០០នាក់ និងមកពី ២៦ប្រទេសប៉ុណ្ណោះ។
លោកបន្ដថា ព្រឹត្តិការណ៍នេះមាន ៤វិញ្ញាសា គឺរត់ចម្ងាយ ១៦គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ និងវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ ដែលជាវិញ្ញាសាគោល ហើយត្រូវចេញដំណើរមុនគេ នៅវេលាម៉ោង ១១យប់ថ្ងៃទី២០ ខែមករា បន្ទាប់មកទើប ៣វិញ្ញាសាផ្សេងទៀត ចេញជាបន្ដបន្ទាប់ នៅព្រឹកថ្ងៃទី២១ ខែមករា ហើយដំណើររហូតដល់ល្ងាចដដែល ទើបបញ្ចប់។ ចំពោះទីលាន គឺប្រើប្រាស់វង់ធំនៃអង្គរ ដែលបន្សល់ទុកដោយបុព្វបុរសខ្មែរ និងផ្លូវមួយចំនួនក្នុងតំបន់អង្គរ ដើម្បីរត់ដោយមានអាជ្ញាធរ សម្រាប់ការពារសុវត្ថិភាពផងដែរ។
អគ្គលេខាធិការ NOCC រូបនេះបន្ដថា «គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ Ultra Trail Angkor គឺទី១ ដើម្បីបំផុសសកម្មភាពកីឡាក្នុងវិស័យទេសចរណ៍ និងទាក់ទាញទេសចរមកកាន់គោលដៅដ៏ល្អឯកនៃតំបន់អង្គរ។ ម្យ៉ាងទៀតអ្នកមករត់ចម្ងាយ គឺមកទាំងអ្នកគាំទ្រ និងប្រើពេលវេលាយូរ ដើម្បីត្រៀមរត់ និងក្រោយរត់ ដូច្នេះវាធ្វើឲ្យចំណេញច្រើនដល់វិស័យទេសចរណ៍។ ទី២៖ គឺការផ្សព្វផ្សាយពីវិស័យទេសចរណ៍តំបន់អង្គរ ទៅឆាកអន្ដរជាតិ ឲ្យបរទេសស្គាល់ និងបានមកទស្សនាកម្សាន្ដកាន់តែច្រើនបន្ថែមទៀត»។
ជាមួយគ្នានោះលោក Le Cornec Jean Claude ដែលជាតំណាងក្រុមហ៊ុន Phoe nix voyages បានគូសបញ្ជាក់ឲ្យឃើញពីភាពជោគជ័យក្នុងការរៀបចំលើកដំបូង កាលពីឆ្នាំ២០១៦ និងការត្រៀមរៀបចំលើកទី២ នេះដែរ ដោយកំណើននៃការចុះឈ្មោះកើនឡើងគួរឲ្យកត់សម្គាល់ ពិសេសគឺមានស្រ្ដីចូលរួមដល់ទៅ ៥០% ក្នុងចំណោមអ្នកចុះឈ្មោះជាង ៥០០នាក់។ អ្វីដែលពិសេសឆ្នាំនេះ ក៏នឹងមានកីឡាករ-កីឡាការិនីកម្រិតអាជីពមកពីបរទេសចំនួន ៣នាក់ចូលរួមផងដែរ។
ចំពោះតម្លៃចុះឈ្មោះវិញ លោកបញ្ជាក់ថា សម្រាប់វិញ្ញាសារត់ ១២៨គីឡូម៉ែត្រ៖ ខ្មែរត្រូវបង់ ៥០ដុល្លារ និង បរទេស ត្រូវបង់ ១៦០ដុល្លារ, វិញ្ញាសារត់ចម្ងាយ ៦៤គីឡូម៉ែត្រ៖ ខ្មែរត្រូវបង់ ៣០ដុល្លារ និង បរទេសត្រូវបង់ ៩០ដុល្លារ, វិញ្ញាសារត់ចម្ងាយ ៣២គីឡូម៉ែត្រ៖ ខ្មែរត្រូវបង់ ២០ដុល្លារ និងបរទេសត្រូវបង់ ៦៣ដុល្លារ រួមទាំងវិញ្ញាសារត់ចម្ងាយ ១៦គីឡូម៉ែត្រ៖ ខ្មែរត្រូវបង់ ១០ដុល្លារ និងបរទេសត្រូវបង់ ៤៣ដុល្លារ។ ជាមួយគ្នានោះក៏នឹងមានការដើរលក្ខណៈសប្បុរសធម៌ចម្ងាយ ៨គីឡូម៉ែត្រ ដើម្បីស្វែងរកថវិកាជួយដល់អង្គការចំនួន ២ នៅខេត្តសៀមរាបផងដែរ៕