(ភ្នំពេញ)៖ ពលករខ្មែរជនរគ្រោះ៥នាក់ ពីប្រទេសម៉ាឡេស៊ី បានវិលត្រលប់មកកម្ពុជាវិញហើយ ដោយសុវត្ថិភាព ក្រោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយដោះស្រាយបញ្ហាចប់សព្វគ្រប់ជាស្ថាពរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ ផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ។
ពលការិនីខ្មែរចំនួន៥នាក់ ដែលបានធ្វើមាតុភូមិនិវត្តន៍រួមមាន ទី១ ពលការិនី ហ.ម អាយុ៣០ឆ្នាំ មកពីស្រុកកោះសូទិន ខេត្តកំពង់ចាម បានទៅម៉ាឡេស៊ីធ្វើការជាអ្នកបោសសំអាត ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក នាងបានទៅស្ថានទូត នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ និយោជករបស់ពលការិនី បានយល់ព្រមប្រគល់លិខិតឆ្លងដែន និងប្រាក់ខែដែលនៅសល់ជូននាង។
ចំណែកពលការិនីទី២ ឈ្មោះ ស.ស អាយុ៣៧ឆ្នាំ មកពីស្រុកបរសែត ខេត្តកំពង់ធំ បានទៅម៉ាឡស៊ី ធ្វើការជាអ្នកបោសសំអាត ពីឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយពុំមានអ្នកថែរក្សាកូនស្រីរបស់ខ្លួននៅកម្ពុជា ពលការិនីបានស្នើស្ថានទូត នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។
ពលការិនីទី៣ ឈ្មោះ វ.វ.ក អាយុ២២ឆ្នាំ មកពីខេត្តកំពង់ធំ បានទៅម៉ាឡេស៊ី ធ្វើការតាមផ្ទះ ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ តាមរយៈមេខ្យល់ម្នាក់។ ដោយនិយោជករបស់ពលការិនី ធ្វើទិដ្ឋាការការងារក្លែងក្លាយជូននាង ហេតុនេះនាងសម្រេចឈប់ធ្វើការ និងបានទៅស្ថានទូតនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។
ពលការិនីទី៤ ឈ្មោះ គ.ស អាយុ៣៣ឆ្នាំ មកពីស្រុកចន្ទ្រា ខេត្តស្វាយរៀង បានទៅម៉ាឡេស៊ីដោយខ្លួនឯង ធ្វើការនៅក្នុងភោជនីយដ្ឋាន ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦។ ដោយសារពលការិនីនឹកផ្ទះនិងក្រុមគ្រួសារ នាងបានស្នើស្ថានទូត នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ សុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ ។
ពលការិនី៤នាក់ខាងលើ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០១៧ វេលាម៉ោង០៧:៥០នាទីព្រឹក តាមជើងយន្តហោះ AK536 ។
ចំណែកពលការិនីទី៥ ឈ្មោះ ហ.ភ.រ អាយុ៣៧ឆ្នាំ មកពីស្រុករមាសហែក ខេត្តស្វាយរៀង បានទៅម៉ាឡេស៊ី និងធ្វើការងារតាមផ្ទះតាំងពីឆ្នាំ២០១៤ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយនិយោជករបស់ខ្លួន បានប្រើអំពើហឹង្សា ពលការិនីបានលួចរត់ចេញពីផ្ទះ និងដើរតាមផ្លូវ ហើយត្រូវបាននគរបាលរដ្ឋ Selangor ជូនទៅស្ថានទូតនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។ ស្ថានទូតពិបាកក្នុងការទាមទារសំណង ឬប្រាក់ខែដែលនៅសល់ពីនិយោជកសម្រាប់ពលការិនី ដោយសារនាងពុំចងចាំឈ្មោះនិងអាស័យដ្ឋានទាក់ទងរបស់និយោជកខ្លួនឡើយ។ ពលការិនី ហ.ភ.រ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង០៧:៥០ នាទីព្រឹក តាមជើងយន្តហោះ AK536។
គួរបញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានសម្របសម្រួល ជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ព្រមទាំង បានឧបត្ថម្ភសំបុត្រយន្តហោះ កន្លែងស្នាក់នៅ អាហារបរិភោគ និងថវិកាមួយចំនួន ដល់ពលការិនី អំឡុងពេលរង់ចាំ ត្រឡប់មកកម្ពុជាវិញ៕