(កណ្តាល)៖ លោក កែវ បេងវឌ្ឍន៏ ប្រធានគណៈពង្រឹងឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលរួមសុខ រួមទុក្ខ ជាមួយប្រជាជន នៅគ្រប់កាលៈទេសៈ។
ថ្លែងបែបនេះ ក្នុងឱកាសលោក ធ្វើជាអធិបតី ក្នុងសន្និបាត របស់គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាឃុំទឹកឃ្លាំង នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ និងមានការចូលរួម ពីសមាជិក សមាជិកា ប្រមាណជាង៦០០នាក់។
អង្គសន្និបាតនាថ្ងៃនេះ បានប្រព្រឹត្តទៅក្នុងគោលបំណងចំនួន៣ រួមមាន ទី១៖ពិនិត្យ និងវាយតម្លៃលើរបាយការណ៍បូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយ របស់គណបក្ស សម្រាប់ការអភិវឌ្ឍឃុំទឹកឃ្លាំង រយៈពេល៥ឆ្នាំ (២០១២-២០១៧), ទី២៖ពិនិត្យ និងអនុម័តសេចក្តីព្រាងកម្មវិធីនយោបាយ សម្រាប់អភិវឌ្ឍឃុំទឹកឃ្លាំងឆ្នាំ ២០១៧-២០២២ និងទី៣៖ការបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងឲ្យ គណបក្សប្រជាជនកម្ពុជា ប្រចាំឃុំទឹកឃ្លាំង សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិទី៤ ឆ្នាំ២០១៧ នាពេលដ៏ខ្លីខាងមុខ។
ជាមួយគ្នានោះ លោក កែវ បេងវឌ្ឍន៏ បានវាយតម្លៃខ្ពស់ ចំពោះការសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងឃុំទឹកឃ្លាំង ទាំងមូល ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផល នៃដំណើរការចុះឈ្មោះបោះឆ្នោត នៅឃុំទឹកឃ្លាំងនេះ ដែលទាំងក្រុមការងារ នៃគណៈពង្រឹងមូលដ្ឋានឃុំ និងក្រុមការងារនៃគណបក្សឃុំ បានសហការគ្នាយ៉ាង ពេញទំហឹង ក្នុងការជំរុញសមាជិកបក្សប្រជាជនកម្ពុជា នៅក្នុងមូលដ្ឋានទៅចុះឈ្មោះបោះឆ្នោត បានចំនួនរហូតដល់ជាង ៩០ភាគរយ ដែលជាលទ្ធផលគួរជាទីមោទនៈ។
ក្នុងឱកាសនោះ លោកក៏បានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសបេក្ខជនឈរឈ្មោះ តំណាងឲ្យគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឆ្នាំ២០១៧-២០២៤លើករួចមកហើយ ហើយលើកនេះជាលើកទី៥ សំដៅធ្វើយ៉ាងណា អាចជ្រើសរើសបានបេក្ខជន ដែលមានសមត្ថភាព ហើយប្រជាជននៅមូលដ្ឋានផ្ទាល់ ស្រលាញ់ពេញចិត្ត ផ្តល់ទំនុកចិត្ត និងគាំទ្រ ថានឹងអាចដឹកនាំឃុំទៅរកភាពរីកចម្រើនលូតលាស់ជាង បច្ចុប្បន្ននេះទៀត។
បន្ថែមពីនេះ លោក កែវ បេងវឌ្ឍន៏ បានផ្តាំផ្ញើជូនដល់គណៈកម្មាធិការគណបក្សភូមិ គណៈពង្រឹងមូលដ្ឋានឃុំ ក្រុមចលនាផ្សេងៗ ដែលមានការពាក់ព័ន្ធ ក៏ដូចជាអង្គសន្និបាតទាំងមូល ឲ្យបន្តយកចិត្តទុកដាក់ ខិតខំអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ នូវវិធានការគោលនយោបាយនានា របស់គណបក្សប្រជាជនកម្ពុជា ស្របតាមស្មារតី នៃសនិ្នបាតគណៈកម្មាធិការកណ្តាលលើកទី៤០ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា៕