(កណ្តាល)៖ កម្មករ-កម្មការិនី រោងចក្រតម្បាញ Great Honour Texttile Factory Limited ចំនួន៩៧១នាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅក្នុងរោងចក្រ ដើម្បីស្នើសុំអន្តរាគមន៍ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយដោះស្រាយបញ្ហាជូនពួកគាត់ ដែលកំពុងរងគ្រោះគ្មានការងារធ្វើ គ្មានប្រាក់ឈ្នួល និងជំពាក់ថ្លៃទឹកភ្លើង ដោយសារថៅកែរត់ចោលរោងចក្រ មិនបើកប្រាក់ឈ្នួលឲ្យ សរុបទឹកប្រាក់ជិត៣លានដុល្លារ។
រឿងថៅកែរោងចក្រ Great Honour រត់ចោលកម្មករ និងរោងចក្រនេះ បានកើតឡើងជាយូរមកហើយ ហើយសំណុំរឿងនេះ ក៏បានជាប់គាំងនៅតុលាការ រយៈពេល៦ខែ មកហើយដែរ ទើបនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ កម្មករ-កម្មការិនីខាងលើ បើកការតាវ៉ាស្នើសុំអន្តរាគមន៍ពី សម្ដេចតេជោ នាយករដ្ឋមន្រ្តី តែម្ដង។
សហព័ន្ធសហជីពចំនួន៧ ត្រូវបានកម្មករនៅក្នុងរោងចក្រទាំងមូល ពឹងពាក់ជាតំណាង ដើម្បីជួយជំរុញ និងដោះស្រាយតាមនីតិវិធី ជាបន្តបន្ទាប់ ក្នុងនោះរួមមាន៖ សហព័ន្ធសហជីពសម្លេងយុវជនខ្មែរ, សហព័ន្ធសហជីពយុវជនខ្មែរ, សហព័ន្ធសហជីពមោទនភាពកម្មករខ្មែរ, សហព័ន្ធសហជីពការងារដើម្បីកម្ពុជា, សម្ព័ន្ធសហជីពបេះដូងកម្មករខ្មែរ, សហព័ន្ធសហជីពស្មារតីកម្មករខ្មែរ និងសហព័ន្ធសហជីពកម្មករកម្ពុជា ដឹកនាំដោយលោក សោម អូន។
លោក សោម អូន តំណាងសហជីពទាំង៧ នៅក្នុងការចុះពិនិត្យ និងជួបពិភាក្សាជាមួយកម្មករ-កម្មការិនី នៅរោងចក្រ Great Honour នោះបានឲ្យដឹងថា រោងចក្រដែលមានបញ្ហានោះ មានទៅតាំងនៅក្នុងភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ កម្មករ-កម្មការិនី ដែលត្រូវថៅកែរត់ចោលនោះ មានចំនួនសរុប ៩៧១នាក់ ហើយថៅកែមិនបានចេញមុខទូទាត់ប្រាក់បំណាច់ផ្សេងៗ សរុបជាទឹកប្រាក់មានចំនួន «២,៨៧៨,៧០៩ដុល្លារ»។
លោក សោម អូន បានបន្តថា បច្ចុប្បន្នសំណុំរឿងនេះ បានផុតចេញពីដៃអាជ្ញាធរខេត្ត ហើយកំពុងស្ថិតនៅក្នុងដៃតុលាការខេត្តកណ្តាល ដែលកំពុងអូសបន្លាយការងារនេះ រហូតដល់៦ខែ បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពប្រចាំថ្ងៃ និងសតិអារម្មរណ៍របស់បងប្អូនកម្មករ។ ក្នុងនោះមានកម្មការិនី ១០នាក់ បានសម្រាលកូន ក្នុងអំឡុងពេលនេះ ដែលកាន់តែលំបាកត្រូវការជំនួយមនុស្សធម៌។
ពាក់ព័ន្ធបញ្ហានេះ តំណាងសហព័ន្ធសជីពចំនួន៧ បានធ្វើញ្ញត្តិរួមគ្នាគោរពស្នើសុំ សម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយករណីរោងចក្រខាងលើនេះ គឺទី១.ជួយពន្លឿនលើផ្នែកប្រព័ន្ធច្បាប់តុលាការខេត្តកណ្តាល ចេញសាលក្រមលក់ទ្រព្យសម្បត្តិឱ្យបានឆាប់ និងទី២.សូមសម្តេច មេត្តាជួយផ្តល់ថវិកា បុរេប្បទានរបស់រាជរដ្ឋាភិបាលជាមុន ដូចករណីនៅរោងចក្រយ៉ុងវ៉ា ដើម្បីបើកជូនកម្មករនៅពេលដែលកម្មករ-កម្មការិនី កំពុងជួបការលំបាក។
ជុំវិញករណីថៅកែរោងចក្ររត់ចោលរោងចកក្រនេះ តំណាងសហជីពរួមនឹងកម្មករទាំងអស់ មានជំនឿយ៉ាងមុតមាំលើចំណាត់ការរបស់ សម្តេចតេជោ ដែលអាចជួយអន្តរាគមន៍ និងពន្លឿនការដោះស្រាយករណីខាងលើនេះ ដើម្បីឱ្យកម្មករ-កម្មការិនី ទទួលបាននូវប្រាក់បំណាច់ផ្សេងៗ ទៅតាមច្បាប់ស្តីពីការងារ និងធានាបាននូវជីវភាពរបស់កម្មករមានភាពប្រក្រតីឡើងវិញ។
កម្មការិនីឈ្មោះ សោម សុភាព អាយុ៤៣ឆ្នាំ បានឱ្យដឹងថា «ខ្ញុំធ្វើការនៅរោងចក្រនេះ រយៈពេល១៥ឆ្នាំហើយ តាំងពីក្មេងរហូតដល់ពេលនេះ សុំគេចូលធ្វើការនៅរោងចក្រផ្សេង គេមិនទទួលដោយសារលើសអាយុ។ ដូច្នេះគឺមានតែសម្តេចតេជោមួយគត់ ដែលអាចជួយដោះស្រាយដល់ពួកខ្ញុំ ដែលមានវ័យចំណាស់ៗ ដើម្បីយកដើមទុនទៅប្រកបមុខរបរផ្សេងវិញ»។
លោកស្រី សោម សុភាព បានបន្តថា នៅក្នុងអំឡុងពេលថៅកែរត់ចោលកម្មករ មានកម្មការិនី១០នាក់ បានសម្រាលកូន ដែលជួបការលំបាកយ៉ាងខ្លាំង ត្រូវការជំនួយមនុស្សធម៌។ កម្មការិនីមួយចំនួន ដែលបានខ្ចីលុយធនាគារ គ្មានលុយបង់ឱ្យគេតាមកំណត់កំពុង ប្រឈមនឹងការរឹបអូសយកដី និងផ្ទះ។ អ្នកជួលផ្ទះកំពុងប្រឈមនឹងការបង់ថ្លៃផ្ទះ ទឹក ភ្លើង និងជីវភាពប្រចាំថ្ងៃ។
ចំណែកលោក ណយ រដ្ឋា អាយុ៤០ឆ្នាំ ដែលបានធ្វើការនៅរោងចក្រនេះ បាន១៨ឆ្នាំ បានទទូចដល់ សម្តេចតេជោ ហ៊ុន សែន មេត្តាជួយផ្តល់ថវិកាបុរេប្រទាន ដល់កម្មករដូចនៅរោងចក្រយ៉ុងវ៉ា ហើយរដ្ឋទូទាត់គ្នាជាមួយម្ចាស់ដីរោងចក្រ តាមក្រោយនៅពេលតុលាការលក់ដី និងអគារបាន ព្រោះកម្មករបានរង់ចាំនីតិវិធី អស់រយៈពេល៦ខែ មកហើយ។
លោក សោម អូន បានអំពាវនាវឱ្យកម្មករ-កម្មការិនីទាំងអស់ បន្តអត់ធ្មត់ដោយវិធីអហិង្សា ហើយនៅសប្តាហ៍ក្រោយលោកនឹងនាំតំណាងកម្មករ ទៅជួបលោកចៅក្រម ដែលកាន់សំណុំរឿងនេះ ដើម្បីសាកសួរព័ត៌មានបន្ថែមទៀត៕