(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចឲ្យអ្នកជាប់ពន្ធអាការប្រចាំខែ តាមរបបស្វ័យប្រកាសទាំងអស់ អាចដាក់លិខិត ប្រកាសពន្ធ និងបង់ពន្ធប្រចាំខែរបស់ខ្លួនបានរហូតដល់ថ្ងៃទី២០ នៃខែបន្ទាប់។ ការពន្យារពេលវេលា នៃការបង់ពន្ធនេះដើម្បីជួយសម្រួល ពេលវេលា និងកាត់បន្ថយបន្ទុកចំណាយរបស់អ្នកជាប់ពន្ធ។ នេះបើតាមការជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ។
បើតាមសេចក្តីជូនដំណឺងបានឲ្យថា អ្នកដែលត្រូវបានអនុញ្ញាតឲ្យពន្យារពេលបង់ពន្ធនេះ រួមមានអ្នកជាប់កាតព្វកិច្ចពន្ធ៖ ១.ប្រាក់រំដោះពន្ធ លើប្រាក់ចំណូល, ២. ពន្ធលើប្រាក់បៀវត្សរ៍, ៣. ពន្ធកាត់ទុកគ្រប់ប្រភេទ, ៤. អាករលើតម្លៃបន្ថែម, ៥. អាករពិសេសលើទំនិញនិងសេវា មួយចំនួន, ៦. អាករលើការស្នាក់នៅ និង ៧. អាករសម្រាប់បំភ្លឺសាធារណៈ។
ក្នុងសេចក្តីជូនដំណឹងដដែលបានគូសបញ្ជាក់ថា ក្នុងករណីខកខានមិនបានអនុវត្តកាតព្វកិច្ចសារពើពន្ធ អ្នកជាប់ពន្ធនឹងត្រូវទទួល ទោសទណ្ឌតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។ អ្នកជាប់ពន្ធ ដែលមិនបានដាក់លិខិតប្រកាសតាមកាលបរិច្ឆេទកំណត់ នឹងត្រូវបានចាត់ទុកថា ប្រព្រឹត្តអំពើរាំងស្ទះដល់ការកំណត់ និងប្រមូលប្រាក់ពន្ធ នឹងត្រូវទទួលរងទោសទណ្ឌដូចមានចែងក្នុងមាត្រា១២៨ មាត្រា១៣៣ និងមាត្រា១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ។
សេចក្តីជូនដំណឹងនេះ ក៏បានរំលឹកទៅដល់អ្នកជាប់កាតព្វកិច្ចពន្ធសម្រាប់ខែធ្នូ ឆ្នាំ២០១៦ ត្រូវដាក់លិខិតប្រកាស និង បង់ប្រាក់ពន្ធនេះ ឲ្យបានយ៉ាងយូរបំផុតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ៕