(សៀមរាប)៖ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បាននឹងកំពុងចាប់ផ្តើមគម្រោងជួសជុលហើយ ដោយគោរពតាមអនុសាសពីគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រម្មណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា ICC-Angkor មុនដំណើរការជួសជុល គឺត្រូវធ្វើកំណាយស្រាវជ្រាវជាមុន ដើម្បីស្វែងយល់ពីទិន្នន័យបុរាណវិទ្យា ក៏ដូចជារចនាសម្ព័ន្ធរបស់ ស្ពានហាលទាំងមូល។
ស្របតាមអនុសាសន៍នេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ ស៊ូហ្វីយ៉ា បានធ្វើកំណាយស្រាវជ្រាវ និងសន្និដ្ឋានថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានស្រុត និងខូចខាតផ្នែកជញ្ជាំង ហើយក្រោយមកនៅសម័យក្រោយអង្គរ និងក្នុងសម័យបារាំង ក៏ធ្លាប់បានជួសជុលមួយចំនួនដែរ។
លោក អន សុភាព មន្ត្រីបច្ចេកទេសផ្នែកបុរាណវិទ្យា ដែលបានដឹកនាំការងារ ធ្វើកំណាយនេះផ្ទាល់ បានឲ្យដឹងថា ក្រុមការងារបានបើក រណ្តៅកំណាយចំនួន២កន្លែងផ្សេងគ្នា នៅលើស្ពានហាល ជាលទ្ធផលនៃកំណាយនេះ បានរកឃើញពីការវិវត្តន៍លើការងារជួសជុល ស្ពានហាលនេះ ដែលធ្លាប់បានធ្វើឡើងតាំងពីក្រោយអង្គរ ដែលជារួមកំណាយ និងឯកសារដែលនៅសេសសល់ ក្រុមការងារបាន រកឃើញថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ធ្លាប់បានជួសជុលចំនួន៤ដំណាក់កាល រួចមកហើយ។
ដំណាក់កាលទី១៖ គឺការជួសជុលដែលធ្វើឡើងក្នុងសម័យក្រោយអង្គរ, ដំណាក់កាលទី២៖ គឺដើមទសវត្សទី៥០ ដែលជួសជុលដោយ បារាំង នៅចំហៀងខាងជើងផ្នែកខាងកើត ដែលពេលនោះ គឺការជួសជុលមានប្រើបេតុងច្រើន, ដំណាក់ទី៣៖ គឺខាងដើមទសវត្សទី៦០ ដែលត្រូវបានជួសជុលដោយបារាំងដែរ នៅពាក់កណ្តាលផ្នែកខាងត្បូង និងដំណាក់កាលទី៤៖ ពីឆ្នាំ១៩៩៦-២០០៧ ដែលជួសជុល ដោយសាកលវិទ្យាល័យ សូហ្វីយ៉ា រួមនឹងអាជ្ញាធរជាតិអប្សរាផ្នែកខាងជើង ក្នុងដំណាក់កាលទី១។
ដោយឡែកគម្រោងជួសជុល ដែលធ្វើឡើងដោយអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ា បច្ចុប្បន្ននេះ គឺធ្វើឡើងទៅផ្នែកខាងជើង ដំណាក់កាលទី២ ដែលមានប្រវែង១០០ម៉ែត្រ។
តាមការបញ្ជាក់ របស់លោក អន សុភាព លទ្ធផលនៃកំណាយស្ពានហាល ក្នុងដំណើរការជួសជុលដំណាក់កាលទី២ ដែលមានការបើក រណ្តៅកំណាយចំនួន២កន្លែង បានបង្ហាញថា ស្ថានភាពស្ពានហាល មានភាពច្របូលច្របល់ ដោយការជួសជុលក្នុងសម័យក្រោយអង្គរ មិនបានរៀបថ្ម ក៏ដូចជាការពង្រឹងគ្រឹះ ឲ្យបានត្រឹមត្រូវ គ្រាន់តែប្រមូលកំទេចកំទី ដែលមានស្រាប់នៅទីនោះ ចាក់បំពេញតែប៉ុណ្ណោះ ចំណែកថ្មបាយក្រៀមមាន១១ស្រទាប់ ដែលជាជញ្ជាំងស្ពានហាលនោះ ក៏រងការពុកផុយដោយសារអាយុកាលផងដែរ មានតែនៅ ស្រទាប់ទី៤ ឡើងតែប៉ុណ្ណោះ តែស្ថានភាពថ្មនៅល្អប្រសើរ។
លោក អន សុភាព ពន្យល់យ៉ាងដូច្នេះថា «យើងបានយកលទ្ធផលនេះ ទៅប្រៀបធៀបទៅនឹងលទ្ធផលការងារជួសជុល ក្នុងដំណាក់កាល ទី១ គឺសាកលវិទ្យាល័យ ស៊ូហ្វីយ៉ា រកឃើញដូចគ្នា ថ្មបាយក្រៀមមានការពុកផុយស្ទើរ១០០ភាគរយ ហើយការជួសជុល គឺត្រូវជំនួស ដោយថ្មបាយក្រៀមថ្មីទាំងអស់តែម្តង។ តាមរយៈលទ្ធផលកំណាយ ដែលទទួលបាននៅពេលនេះ ក្រុមការងារនឹងធ្វើរបាយការណ៍ ដើម្បីដាក់ឆ្លងក្នុងកិច្ចប្រជុំ ICC-Angkor ដែលគ្រោងនឹងចាប់ផ្តើម នៅចុងខែមករា ឆ្នាំ២០១៧នេះ»។
សូមបញ្ជាក់ថា ក្រុមការងារនឹងរក្សារណ្តៅកំណាយសាកល្បង ដើម្បីរង់ចាំដល់ថ្ងៃកិច្ចប្រជុំ ICC-Angkor ក្រុមការងារ នឹងយកអ្នក ជំនាញការ ICC-Angkor ទាំងអស់មកពិនិត្យមើលរណ្តៅកំណាយ ដើម្បីសុំយោបល់សម្រាប់ការងារជួសជុលទៅថ្ងៃអនាគត៕