(រតនគិរី)៖ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកវ៉ើនសៃ សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើសង្កាត់វ៉ើនសៃ និងកម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ បានស្ទាក់ចាប់រថយន្តសាំយ៉ុងមួយគ្រឿង ផ្ទុកឈើប្រណិតពេញ នៅចំណុចនិយាមការ៥៨២៨៧-៥២៨២៩ ត្រង់ចំណុចផ្លូវបំបែកកាចូន ស្ថិតក្នុងភូមិវង ឃុំកាចូន ស្រុកវ៉ើនសៃ។
លោក ឡាក់ ស៊ុយហន មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកវ៉ើនសៃ បានឲ្យដឹងថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ដល់កម្លាំងអាវុធហត្ថក្រោមឱវាទ ឲ្យធ្វើការទប់ស្កាត់ ការដឹកជញ្ជូនឈើដូចភ្លៀងរលឹម។
ជាក់ស្តែងរថយន្តសាំយ៉ុង លួចដឹកឈើប្រណិតនេះ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2U-1080 ត្រូវបានកម្លាំងសហការបង្ក្រាបភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីកម្លាំងសំងាត់ ប៉ុន្តែក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងមិនបានឃាត់អ្នកបើករថយន្ត និងអ្នកពាក់ព័ន្ធ បានទេ ព្រោះពួកគេដឹងខ្លួនទាន់បើកទ្វាររថយន្តរត់គេចខ្លួនបាត់អស់។
លោកមេបញ្ជាការ បន្តថាការងារបង្ក្រាបការដឹកជញ្ជូនឈើ ទទួលបានជោគជ័យ ដោយសារមានការណែនាំពីលោកមេបញ្ជាការ និងមានការសហការ ជាមួយជំនាញរដ្ឋបាលព្រៃឈើ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
បច្ចុប្បន្នវត្ថុតាងរថយន្តមួយគ្រឿង និងឈើប្រណិតធ្នុងជាច្រើនដុំ បានដឹកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការស្រាវជ្រាវ រកម្ចាស់ឈើ មកធ្វើការពិន័យតាមច្បាប់ស្តីពីព្រៃឈើ៕