(សៀមរាប)៖ ស្ពានបណ្តែតទឹកបណ្តោះអាសន្ន ធ្វើពីពោងជ័រ Polyethylene មានទីតាំងនៅក្នុងទឹកកសិន្ធុខាងត្បូង ស្ពានហាលប្រាសាទ អង្គរវត្ត នឹងដាក់ឲ្យដំណើរការ ប្រើប្រាស់មុនខែឧសភា ឆ្នាំ២០១៧នេះហើយ។
ស្ពាននេះសាងសង់ឡើង ដើម្បីបង្វែរចរាចរណ៍ និងរក្សាសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ពេលធ្វើដំណើរឆ្លងកាត់ទៅទស្សនា អង្គរវត្ត ខណៈស្ពានហាលអង្គរវត្ត ត្រូវបិទទាំងស្រុង ដើម្បីទុកលទ្ធភាពឲ្យក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យ សូហ្វីយ៉ា ធ្វើការជួសជុលក្នុងគោលបំណង អភិរក្សស្ពានបុរាណនេះឲ្យបានល្អប្រសើរ។
លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នៃអាជ្ញាធរជាតិអប្សរា បានប្រាប់ថា លក្ខណៈ ពិសេសរបស់ស្ពានបណ្តែតទឹកបណ្តោះអាសន្ន គឺមានសុពលភាពប្រើការបានដល់ទៅ២០ឆ្នាំ មានកន្លែងឈរលេងចំនួន៦ សម្រាប់ភ្ញៀវ ទេសចរឈរ ស្រូបយកខ្យល់អាកាស និងថតរូបជាដើម។ ចំណែកផ្ទៃពោងជ័របណ្តែតទឹក សរុបគឺ១,៨៧៤ម៉ែត្រការេ (បណ្តោយ១៩៧ម៉ែត្រ គុណទទឹង១០ម៉ែត្រ) ដែលក្នុង១ម៉ែត្រការេ អាចទ្របន្ទុកបានចំនួន២៧២គីឡូក្រាម ហើយបើសន្មត់មនុស្សម្នាក់ មានទម្ងន់៨០គីឡូក្រាម ស្ពាននេះអាចទ្រមនុស្សសរុបចំនួន៦,៣៧១នាក់ ក្នុងពេលតែមួយ។ លោក ហេង គឹមឡេង បន្តទៀតថា ស្ពាននេះសិក្សាដោយអាជ្ញាធរ ជាតិអប្សរា ហើយទទួលខុសត្រូវសាងសង់ដោយក្រុមហ៊ុន កាំត្រង់ស៊ីប (KTS)។
លោក វង្ស ចាន់វិបុល ប្រធានការដ្ឋានសាងសង់ស្ពានបណ្តែតទឹក របស់ក្រុមហ៊ុន កាំត្រង់ស៊ីប បញ្ជាក់ថា សម្ភារៈនិងអ្នកជំនាញ បច្ចេកទេសក្នុងការធ្វើស្ពាន គឺយកពីប្រទេសកាណាដាទាំងអស់ ហើយលក្ខណៈពិសេសរបស់ពោងបណ្តែតទឹក គឺជាជ័រ ស្វិត ធន់ ហើយអាចទ្រទ្រង់នឹងអាកាសធាតុ បានយ៉ាងល្អបំផុត មិនមានប្រតិកម្មនឹងពន្លឺថ្ងៃ ភ្លៀង និងធ្វើឱ្យទឹកប្រែពណ៌ ឬបង្ករជាសារធាតុពុល ផ្សេងៗដល់ទឹកឡើយ។ លើសពីនោះទៅទៀត ពោងជ័រ Polyethylene មានលក្ខណៈគ្រើម ដែលមិនធ្វើឲ្យរអិល ហើយពោងនីមួយៗ មានខ្យល់នៅខាងក្នុង ពេលណាកម្តៅឡើងខ្លាំងធ្វើឲ្យឧស្ម័នក្នុងពោងសាយភាយមកក្រៅ ដែលអាចរក្សាទ្រង់ទ្រាយ និងសីតុណ្ហភាព ក្នុងពោងឲ្យនៅដដែល។
លោកបន្ថែមទៀតថា ក្នុងការតំឡើង និងតភ្ជាប់ពោងពីមួយទៅមួយដើម្បីធ្វើស្ពាន គឺអ្នកជំនាញនៃក្រុមហ៊ុនកាំត្រង់ស៊ីប និងអ្នកជំនាញ ផលិតស្ពាន មកពីប្រទេសកាណា បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតលើបច្ចេកទេស ដែលធានាបាននូវភាពមាំ សុវត្ថិភាពខ្ពស់ មិនអាចរបូតចេញពីគ្នាឡើយ។
សូមបញ្ជាក់ថា មកដល់ពេលនេះក្រុមការងារ បានតភ្ជាប់ពោងជ័របណ្តែតទឹក រួមនឹងដាក់បង្កាន់ដៃស្ពានរួចរាល់ហើយ នៅសល់តែការ ភ្ជាប់ជណ្តើរឈើមកស្ពានលើទឹកតែប៉ុណ្ណោះ ដែរក្រុមការងារទាំង២ កំពុងសិក្សាពីវិធីសាស្ត្របន្ថែមទៀត ក្នុងការទប់លំនឹងស្ពានកុំឲ្យ យោលយោគឬរេចុះឡើង ខណៈមានភ្ញៀវទេសចរឆ្លងកាត់ផងដែរ៕