(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ បានលើកឡើងថា កម្ពុជា បានចូលរួមយ៉ាងសកម្មលើវិស័យមីន តាមរយៈសកម្មភាពបោសសំអាតមីនក្នុងប្រទេស។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងដូច្នេះក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញគ្រប់គ្រងចំការមីនថ្នាក់អាស៊ាន និងតំបន់ នៅសាលាហ្វឹកហ្វឺនកម្លាំងរក្សាសន្ដិភាពពហុសាសន៍ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ។ ក្នុងពិធីក៏មានការចូលរួមពីអ្នកស្រី Claire Van der Vaeren អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា និងថ្នាក់ដឹកនាំមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានបន្ថែមថា ក្រៅពីសកម្មភាពបោសសំអាតមីនក្នុងប្រទេស កម្ពុជា ក៏បានចូលរួមកិច្ចប្រជុំនានាក្នុងកម្រិតតំបន់ និងអន្ដរជាតិ ដែលមានអាជ្ញាធរមីនមួយជាស្ថាប័នថ្នាក់ជាតិ ទទួលបន្ទុកសម្របសម្រួលការងារទាំងឡាយទាក់ទងវិស័យមីន អមដោយអង្គភាពប្រតិបត្តិការងារមីនដោយផ្ទាល់ ដូចជា អង្គភាពកងទ័ព (មជ្ឈមណ្ឌលជាតិ), មជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា (CMAC) និងអង្គភាពសម្របសម្រូល សកម្មភាពមីនតំបន់អាស៊ាន (ARMAC)។
លោកទេសរដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ជាមួយបទពិសោធន៍ទាំងនេះ កម្ពុជាបានក្លាយជាប្រទេសនាំមុខមួយក្នុងការបញ្ជូនកងទ័ពបោសសំអាតមីនរបស់ខ្លួន លើកដំបូងនៅឆ្នាំ២០០៦ ទៅកាន់ប្រទេសស៊ូដង់ ក្នុងក្របខណ្ឌបេសសកម្មរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ ដើម្បីទៅជួយសំរាលទុក្ខវេទនារបស់ប្រជាជនដ៏ទៃទៀត ដែលទទួលរងគ្រោះដោយសារមីនដូចកម្ពុជាដែរ។
បន្ថែមពីនេះ ប្រធានគណៈកម្មាធិការជាតិ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧នេះ និងទៅអនាគត កម្ពុជានៅតែប្ដេជ្ញាចិត្តខ្ពស់បន្ដសកម្មភាពជាអាទិភាព ក្នុងការថែរក្សា និងពង្រឹង សន្ដិភាព ស្ថេរភាពក្នុងប្រទេស ក៏ដូចជាបន្ដសកម្មភាពមនុស្សធម៌ តាមរយៈការចូលរួមបេសសកម្មថែរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ។
ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រតិបត្តិការពីសាធារណរដ្ឋបារាំង ចិន និងសហរដ្ឋអាមេរិក ដែលផ្ដល់ហិរញ្ញវត្ថុមួយផ្នែក និងបានបញ្ជូនយោចារ្យមក ជួយហ្វឹកហ្វឺនក្នុងវគ្គនេះ ដែលជាការបង្ហាញនូវការប្ដេជ្ញា និងគាំទ្រឥតឈប់ឈរចំពោះសកម្មភាពមីននៅកម្ពុជា និងនៅប្រទេសក្នុងតំបន់៕