(កំពង់ចាម)៖ គិតមកទល់ពេលនេះ ការប្រកួតក្រុមបាល់ទះ ដំណ្ដើមពាន «The 1st Cambodia Volleyball League2017» ដែលឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀកម្ពុជានោះ ក្រុម«វិសាខា» កំពុងតែមានពិន្ទុនាំមុខគេ ក្រោយប្រកួតឈ្នះ ក្រុមស្នងការនគរបាលខេត្តបាត់ដំបង់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅខេត្តកំពង់ចាម។
សម្រាប់២ប្រកួត ក្រុមស្នងការនគរបាលខេត្តបាត់ដំបង ប៉ះជាមួយ ក្រុមវិសាខា ប៉ុន្ដែត្រូវបានបរាជ័យ ១សិត ទល់៣សិត ក្នុងពិន្ទុ២៥ទល់២៣, ២៤ទល់២៦, ២១ទល់២៥ និង ១០ទល់២៥។ ដោយលេងបាន២ប្រកួតដូចគ្នា នោះក្រុមវិសាខា២ ប្រកួតឈ្នះទាំង២ ប្រកួតបាន៦ពិន្ទុ ឯក្រុមស្នងការនគរបាលខេត្តបាត់ដំបង២ប្រកួត ចាញ់ទាំង២ប្រកួតនោះ មានពិន្ទុ ០។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ការប្រកួតទើបនឹងចាប់ផ្ដើមនោះ នៅខេត្តព្រៃវែង ដោយក្រុមវិសាខា ឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣សិតទល់០ និងក្រុមស្នងការនគរបាលខេត្តបាត់ដំបង ចាញ់ក្រុម កងពលធំអន្តរាគមន៍លេខ៣ ៣សិត។
មួយប្រកួតទៀតក្រុមក្រសួងមហាផ្ទៃ ប្រកួតឈ្នះ ក្រុមខេត្តកំពង់ចាម ៣សិតទល់០ ក្នុងពិន្ទុ២៥ទល់២០, ២៥ទល់១៥ និង២៥ទល់១៣។ ក្រុមទាំង២នេះ ទើបតែលេងបានមួយប្រកួតដូចគ្នា ដោយក្រុមក្រសួងមហាផ្ទៃ មានសំណាងល្អ នៅក្នុងការប្រកួតលើកដំបូងរបស់ខ្លួន ឯខេត្តកំពង់ចាមគ្មានសំណាង នៅលើទឹកដីរបស់ខ្លួនឡើយ។
សូមជម្រាបថា ព្រឹត្តិការណ៍នេះបង្កើតឡើង ក្រោមការផ្ដួចផ្ដើមរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា រួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដែលក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា៕