(ប៉ៃលិន)៖ លោកទេសរដ្ឋមន្ដ្រី សេរី កុសល អនុប្រធានទី១អាជ្ញាធរមីន បានណែនាំឲ្យអង្គការដោះមីន «ហេឡូត្រាស់» បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ពីការពង្រឹងសកម្មភាពដោះមីន ដើម្បីបញ្ចៀសគ្រោះថ្នាក់ ជាពិសេសត្រូវគោរពស្តង់ដារមីន SOP ដោយម៉ឹងម៉ាត់បំផុត។
លោកទេសរដ្ឋមន្រ្តី បានថ្លែងបែបនេះ ក្នុងឱកាសចុះពិនិត្យទីតាំងផ្ទុះមីន ស្ថិតនៅភូមិប៉ហ៊ុយខ្មែរ សង្កាត់ប៉យ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃ លិន កន្លែងដែលបណ្តាលឲ្យមន្រ្តីអង្គការ «ហេឡូត្រាស់» ម្នាក់ស្លាប់ និង ម្នាក់ទៀតរងរបួស។
ក្នុងពេលចុះពិនិត្យ ដែលធ្វើឡើងនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នោះ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំង ប្រដាប់អាវុធឲ្យខិតខំបន្តកាងារអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់មីន ជូនប្រជាពលរដ្ឋ ដោយមិនត្រូវលេងគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម ជាពិសេសមិនត្រូវកាប់ឆ្ការព្រៃនៅតំបន់ដែលសង្ស័យថាមានមីន ព្រោះប្រតិបត្តិករដោះមីន មិនទាន់បានបញ្ចប់ទាំងស្រុងនៅឡើយនោះទេ។
ជាមួយគ្នានោះដែរ លោកអនុប្រធានទី១អាជ្ញាធរមីន បានចុះសំណេះសំណាល សាកសុខទុក្ខ ជាមួយជនពិការ អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន នៅក្បែរទីតាំងផ្ទុះមីន នៃភូមិប៉ហ៊ុយខ្មែរត្បូង សង្កាត់ប៉យាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្រ្តី សេរី កុសល បានបន្តដំណើរចុះចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ ដែលបានផ្ទុះមីនស្លាប់ កាលព្រឹកពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ឈ្មោះ លឿង រស្មី អាយុ ៥៥ឆ្នាំ ជាបុគ្គលិកដោះមីនរបស់អង្គការ «ហេឡូត្រាស់» នៅភូមិ ឃុំអូរឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានប្រគល់គ្រឿងឧបភោគ បរិភោគជូនដល់គ្រួសារសព ដូចជា៖ អង្ករ១បាវ មី១កេស ត្រីខ១យួរ ទឹកផ្លែឈើ១កេស ទឹកក្រូច១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស និងថវិកា៤០០,០០០រៀល។
ដោយឡែកនៅពឹ្រកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ លោកបានបន្តដំណើរចុះសួរសុខទុក្ខជនរងគ្រោះម្នាក់ទៀតឈ្មោះ ងុយ ឋានី ភេទស្រី អាយុ២៨ឆ្នាំ កំពុងសម្រាកព្យាលនៅមន្ទីរ ពេទ្យខេត្ត បាត់ដំបង ដោយបានប្រគល់គ្រឿង ឧបភោគបរិភោគជូនដល់គ្រួសារជនរងគ្រោះ ដូចជា៖ អង្ករ ១បាវ មី ១កេស ត្រីខ ១យួរ ទឹកផ្លែឈើ ១កេស ទឹកក្រូច ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកសុទ្ធ ១កេស និងថវិកា ៣០០,០០០រៀល និងបានចែកជូនអ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៣៥នាក់ ក្នុងម្នាក់ៗទទួលបាន២០,០០០រៀល សរុប ៧០០,០០០រៀល និងបុគ្គលិកពេទ្យ ១៥នាក់ ក្នុងម្នាក់ៗទទួលបាន ២០,០០០រៀល សរុប ៣០០,០០០រៀល៕