(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ បានជួបជុំពិសាអាហារសាមគ្គីជាមួយសមាជិក-សមាជិកាបក្ស ដែលប្រកបរបររត់រ៉ឺម៉កកង់បី នៃសមាគមរួមគ្នាដើម្បីអភិវឌ្ឍកម្ពុជា និងក្រុមគ្រួសាររបស់ពួកគាត់ ជាង៥,០០០នាក់ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងភាពស្និទ្ធស្នាល ជាមួយគ្នាបន្ថែម និងបានជំរុញឲ្យមានការខិតខំពង្រីកសមាជិកបក្សបន្ថែម។
ពិធីពិសាអាហារសាមគ្គីជាមួយសមាជិក-សមាជិកាបក្សនេះ ត្រូវបានរៀបចំឡើងនៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
នៅចំពោះមុខសមាជិក-សមាជិកាបក្ស នាឱកាសនោះ លោករដ្ឋមន្រ្តី អ៉ិត សំហេង បានចាត់ទុកមុខរបររត់រ៉ឺម៉កកង់បីនេះ ជាសេវាកម្មដឹកជញ្ជូនមួយ ដែលមិនអាចខ្វះបានក្នុងប្រទេស ប្រៀបដូចសរសៃឈាមសង្គម បម្រើជីវភាពការងារ ទេសចរណ៍ មិនថាប្រទេសណាសុទ្ធតែមានសេវានេះដូចគ្នា។
លោករដ្ឋមន្រ្តី ក៏បានជម្រាបពីការងារមួយចំនួនប្រាប់ដល់សមាជិក នាពេលនោះផងដែរ រួមមាន៖
១៖ ប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍកំណើនសេដ្ឋកិច្ច៧ភាគរយ ប្រជាជនមានការងារធ្វើ ៩៩.៣ភាគរយ មានជីវភាពធូធារ កសិករធ្វើស្រែចម្ការបានផលល្អសល់ស្រូវ ជាង៥លានតោន នាំចេញជាងកន្លះលានតោន ការដំឡើងងប្រាក់បៀវត្សមន្ត្រីរាជការ ដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ ឡើងដល់ ១៥៣ដុល្លារ រួមនឹងអត្ថប្រយោជន៍ផ្សេងបានពី ១៧០ដុល្លា ដល់១៨១ដុល្លា សម្រាប់ឆ្នាំ២០១៧នេះ ការអភិវឌ្ឍទីក្រុង អគារខ្ពស់ៗ ស្ពានអាកាស តំបន់សេដ្ឋកិច្ចពិសេស បុរីកកើតថ្មីៗ។
២៖ ក្រសួងការងារ បានកែទម្រង់ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ប្រកបដោយជោគជ័យអនុវត្តច្បាប់ស្ដីពីការងារ ការពារសិទ្ធិកម្មករ ការពារវិនិយោគ ដោះស្រាយសំណូមពរគ្រប់ភាគី ដោយយុតិ្តធម៌បន្ធូរបន្ថយការធ្វើបាតុកម្មខុសច្បាប់ បណ្ដុះបណ្ដាលវិជ្ជាជីវៈ រកការងារធ្វើក្នុងប្រទេស និងក្រៅប្រទេស អនុវត្តន៍ច្បាប់ស្ដីពី របបសន្តិសុខសង្គម រៀបចំរបបគ្រោះថ្នាក់ការងារ របបថែទាំសុខភាព របបចូលនិវត្តន៍ អនុវត្តច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
៣៖ សូមស្វាគមន៍សមាជិកថ្មី ដែលចូលជាសមាជិកគណបក្សប្រជានកម្ពុជា និងជំរុញដល់សមាគមមួយចំនួន រួមមាន៖ ត្រូវកសាងសមាគម បង្កើតសាខាបក្សរបស់សមាគម នៅជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការងារបោះឆ្នោតសុំចូលរួមឃោសនា ពីគោលនយោបាយរបស គណបក្សប្រជាជនកម្ពុជា សុំសមាជិកគណបក្សទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា។
ជាមួយនេះ លោករដ្ឋមន្រ្តី អ៉ិត សំហេង ក៏បានលើកទឹកចិត្តដល់សមាគម «ត្រូវខិតខំយកចិត្តទុកដាក់ពង្រីកសមាជិកបន្ថែមទៀត ដើម្បីបន្តនិរន្តរភាពសមាគម និងចាត់ទុកសមាគមនេះ ជាសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយ ដែលអាចទទួលបាននូវរបបសន្តិសុខសង្គម ដូចកម្មករនិយោជិត និងមន្រ្តីរាជការផងដែរ ហើយសន្យាថា នឹងរៀបចំឲ្យមានការជួបគ្នាយ៉ាងតិចម្ដង ជារៀងរាល់ឆ្នាំ»៕