(កំពង់ចាម)៖ សាលាដំបូងខេត្តកំពង់ចាម ចេញដីកាបញ្ជាឲ្យ លោក ម៉ុត សំអាត មេប៉ុស្ដិ៍ច្រនៀង ចូលខ្លួនទៅតុលាការ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ ឲ្យជនរងគ្រោះ៣នាក់ស្លាប់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
នេះបើយោងតាម ដីកាបង្គាប់ឲ្យចូលខ្លួន ដែលចេញដោយលោក ហួត វុទ្ធី តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា លោក មុក អ៊ុកសំអាត ជានាយនគរបាលប៉ុស្ដិ៍រដ្ឋបាល ឃុំច្រនៀង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបើករថយន្ដមួយគ្រឿងលឿនដូចហោះ ចេញពីស៊ីផឹកក្នុងខារ៉ាអូខេ នៅស្គន់ ហើយស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ក៏បុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យជនរងគ្រោះ២នាក់ ស្លាប់ភា្លមៗនៅនឹងកន្លែង រីឯម្នាក់ទៀតរងរបួសធ្ងន់ ហើយស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ក្រោយមកមេប៉ុស្ដិ៍នោះ បានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៦ នៅចំណុចភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
មន្ដ្រីនគរបាលស្រុកជើងព្រៃ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿង ម៉ាក Camry ពណ៌ឈាមជ្រូក ពាក់ស្លាលេខភ្នំពេញ 2B-2253 បើកពីត្បូង ទៅជើង លុះដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកកំពង់ចាម1H-8863 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យជនរងគ្រោះ២នាក់ស្លាប់ភា្លមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។
នគរបាលបញ្ជាក់ថា ជនរងគ្រោះទាំង៣ ទី១៖ឈ្មោះ ថុល វាសនា អាយុ១៨ឆ្នាំ (ស្លាប់) ទី២៖ឈ្មោះ សែ វុទ្ធី អាយុ១៨ឆ្នាំ (ស្លាប់) និងទី៣៖ឈ្មោះ ថៃ ធា អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ហើយបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ជនរងគ្រោះទាំង៣រស់នៅភូមិសង្កែ ឃុំស្តើងជយ័ ស្រុកជើងព្រៃ រីឯអ្នកបើកបរជានាយប៉ុស្ដិ៍ បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសាកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងទាំង២ ត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕