(កំពង់ចាម)៖ នៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះឧកញ៉ា ឡូវ ហ៉ឹង បាននាំយកថ្នាំពេទ្យមួយចំនួនយកទៅចែកជូន ប្រជាពលរដ្ឋប្រមាណ ៣០០នាក់ នៅក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងឱកាសនាំថ្នាំពេទ្យចែកជូនប្រជាពលរដ្ឋនោះ ឧកញ៉ា ឡូវ ហ៉ឺង ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខតុក្ខដោយសេចក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិយព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់គិតគូរដោះស្រាយរាល់ការលំបាក ខ្វះខាតរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងជំរុញការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យ។
ឧកញ៉ា ឡូវ ហ៉ឺង បានរំលឹកផងដែរថា ឆ្នាំ២០១៧នេះ គឹមានរយៈពេល ៣៨ឆ្នាំហើយ នៃខួបអនុស្សាវរីយ៍ ៧ មករា ឆ្នាំ១៩៧៩ រហូតមក ដល់បច្ចុប្បន្ននេះ ដែលព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបោះជំហានទៅមុខតាមទិសដៅត្រឹមត្រូវ និងស្របទៅតាមបំណងប្រាថ្នា ដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា និងស្របជាមួយនិន្នាការបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោក។
ឧកញ៉ា ឡូវ ហ៊ឹង បានស្ងើសរើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលតែងតែសាមគ្គីរួបរួមគ្នាក្នុងការអនុវត្តន៍ គោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងសំណូមពរឲ្យបន្តការសហការបន្ថែមទៀតឈានឆ្ពោះទៅលុបបំបាត់ភាពអសកម្មរួមមាន គ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង។ ក្នុងនោះឧកញ៉ា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋនៅក្នុងឃុំទងត្រឡាច ជួយលើកស្ទួយទីអារាម ដែលមានការខ្វះខាត ព្រះសង្ឃ និងវត្តអារាមួយចំនួនទៀត ពុំទាន់បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការវត្តនៅឡើយ។
ខណៈដែលឧកញ៉ា ឡូវ ហ៉ឹង ក៏បាននាំយកថ្នាំពេទ្យសម្រាប់បំបាត់ការឈឺចាប់សរសៃ ជិតមួយពាន់កញ្ចប់ ចែកជូនប្រជាពលរដ្ឋ មកពីភូមិចំនួន៣ គឺភូមិទងត្រឡាច ភូមិជន្លាត់ដៃ និងភូមិខ្ទឹង ព្រមទាំងឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារអាមេរិក ដល់គ្រួសារប្រជាពលរដ្ឋ មួយគ្រួសារ ដើម្បីឲ្យបញ្ចប់ការប្តឹងផ្តល់គ្នា និងស្រុះស្រួលគ្នាចាប់ពីពេលនេះទៅ៕