Update: ចំនួនអ្នកស្លាប់កើនដល់ ៣០នាក់ នៅក្នុងការប៉ះទង្គិចគ្នាសាជាថ្មីរវាងក្រុមបងធំ នៅឯពន្ធនាគារប្រទេសប្រេស៊ីល
16-01-2017 09:04
(ប្រេស៊ីល)៖ អំពើហិង្សារវាងក្រុមឧក្រិដ្ឋជនគ្រឿងញៀន នៅពន្ធនាគារក្នុងប្រទេសប្រេស៊ីល នៅតែបន្តកើតឡើងនៅដើមឆ្នាំ២០១៧នេះ ដោយក្នុងនោះ មនុស្សយ៉ាងហោចណាស់៣០នាក់ បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នាសារជាថ្មីនៅល្ងាចនៅថ្ងៃសៅរ៍ កន្លងទៅ (ម៉ោងនៅក្នុងប្រទេសប្រេស៊ីល)។ នេះបើតាម អាជ្ញាធរប្រេស៊ីល ដែលចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងដែរថា អំពើហឹង្សាថ្មីនេះ បានកើតឡើងតាំងតែពីថ្ងៃល្ងាចថ្ងៃសៅរ៍ នៅក្នុងពន្ធនាគារ Alcaçuz នៃរដ្ឋ Rio Grande do Norte ស្ថិតនៅ ភាគឦសាននៃប្រទេស ក៏ប៉ុន្តែរហូតដល់ព្រឹក ថ្ងៃអាទិត្យ ម្សិលមិញ ទើបក្រុមអាជ្ញាធរ អាចចូលទៅក្នុងពន្ធនាគារនេះ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុក អ្នកទោសភាគច្រើនដែលបានស្លាប់ សុទ្ធតែត្រូវបានគេកាត់ក្បាល នៅក្នុងការប៉ះទង្គិចគ្នានៅឯពន្ធនាគារ Alcaçuz ដែលមានអ្នកទោសប្រមាណ ជា ១១៥០នាក់ ។
គួរបញ្ជាក់ថា គិតចាប់ពីដើមឆ្នាំ២០១៧នេះ ការវាយប្រយុទ្ធគ្នារវាងក្រុមឧក្រិដ្ឋជនគ្រឿងញៀន នៅក្នុងពន្ធនាគារនៃប្រទេសប្រេស៊ីល បានសម្លាប់មនុស្ស ១១៦នាក់ ខណៈការព្រួយបារម្ភកាន់តែកើនឡើង ពាក់ព័ន្ធនឹងការគ្រប់គ្រងពន្ធនាគារជាច្រើននៅក្នុងប្រទេសស្ថិតនៅតំបន់អាមេរិកឡាទីមួយនេះ៕