(ហ្វីជី)៖ ដូចអ្វីដែលគ្រោងទុក ប្រតិភូសភាកម្ពុជា បាននិងកំពុងចូលរួមក្នុងកិច្ចប្រជុំ ប្រចំាឆ្នាំលើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ដែលរៀបចំឡើងនៅប្រតេសហ្វីជី។
បន្ទាប់ពីបានអញ្ជើញដល់ប្រទេសហ្វីជី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ គណៈប្រតិភូសភាកម្ពុជា បានចូលរួមកិច្ចប្រជុំនានា នៃវេទិកាអន្តរសភាមួយនេះ ដោយក្នុងនោះ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា និងជាសមាជិកគណៈកម្មការប្រតិបត្តិ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) បានដឹកនាំកិច្ចប្រជុំគណៈកម្មការប្រតិបតិ្ត ចំណែកលោកស្រី បាន ស្រីមុំ សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មការស្រ្តី។
កិច្ចប្រជុំទំាងពីរនេះ បានប្រារព្ធធ្វើនៅក្នុងសណ្ឋាគារ International Fiji Resort ក្នុងទីក្រុងណាឌី ទីដែលសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ជួបជុំគ្នានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៥ ក្រោមប្រធានបទ «ភាពជាដៃគូសភាសម្រាប់សន្តិភាព និងសន្តិសុខ៖ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០១៦»។
លោក ឈាង វុន បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៅពេលនេះ នឹងធ្វើការជ្រើសរើសប្រទេស តំណាងតំបន់អាស៊ីអាគ្នេយ៍មួយ ចូលជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ជំនួសប្រទេសកម្ពុជា ដែលត្រូវចប់អាណត្តិ។ តាមលក្ខន្តិកៈរបស់ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក អាណត្តិសមាជិកគណៈកម្មការប្រតិបត្តិ មានរយៈពេល៤ឆ្នាំ។ ប្រទេសឡាវ នឹងត្រូវជ្រើសរើសជំនួសកម្ពុជា តាមលេខរៀងអក្សរឡាតាំង នៅក្នុងចំណោមប្រទេសចំនួន៨។ ក្រៅពីនេះកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនេះ នឹងប្រជុំដើម្បីរៀបចំឯកសារគោល សម្រាប់កិច្ចប្រជុំទាំងមូល លើកទី២៥ នេះផងដែរ។
ដោយឡែកចំពោះកិច្ចប្រជុំ គណៈកម្មការស្រ្តី នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលលោកស្រី បាន ស្រីមុំ ចូលរួមប្រជុំនោះវិញ នឹងធ្វើការពិនិត្យ ពិភាក្សាលើប្រធានបទ សមភាពយេនឌ័រ និងការជំរុញអំណាចស្រ្តីនិងកុមារ។ កិច្ចប្រជុំនេះនឹងពិនិត្យលើសេចក្តីព្រាង សេចក្តីសម្រេចមួយចំនួន ទាក់ទងនឹងបញ្ហាស្រ្តី និងកុមារនេះដែរ ដូចជាសេចក្តីព្រាងសេចក្តីសម្រេច ដើម្បីជំរុញស្រ្តីក្នុងវិស័យនយោបាយ និងការអភិវឌ្ឍន៍ដោយចីរភាពជាដើម។
សូមជម្រាបថា សមាសភាព គណៈប្រតិភូសភាកម្ពុជាអញ្ជើញ ចូលរួមកិច្ចប្រជុំលើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នាពេលនេះ មានលោក ឈាង វុន លោក ប៉ុល ហំម លោកស្រី ប៉ាន ស្រីមុំ សមាជិករដ្ឋសភា ចំណែកសមាជិកព្រឹទ្ធសភាមានលោក ឈិត គឹមយាត។ កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៥ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅសាធារណរដ្ឋហ្វីជី ប្រារព្ធធ្វើពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។
វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាស្ថាប័នអន្តរសភាមួយ ដែលបានបង្កើតឡើងដើម្បីជំរុញ កិច្ចសហប្រតិបត្តិការរវាងប្រទេស នៅក្នុងតំបន់ឲ្យកាន់តែមានប្រសើរឡើង ក្នុងចក្ខុវិស័យដើម្បីជំរុញសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវិបុលភាព។ វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក មានសមាជិកចំនួន២៧ប្រទេស ហើយរដ្ឋសភានៃកម្ពុជា បានក្លាយជាសមាជិកពេញសិទ្ធិរបស់ APPF នៅឆ្នាំ១៩៩៥៕