(ព្រះវិហារ)៖ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះវិហារ និងមន្រ្តីរដ្ឋបាលព្រៃឈើ បានសហការបង្រ្កាបការជួយដូរឈើមួយករណី ដោយរឹបអូសបានឈើប្រភេទលេខ២ ជាឈើក្តាចំនួន ៣៦៨សន្លឹក ស្មើនិង ជិត ២០ម៉ែត្រគូប។ សកម្មភាពបង្រ្កាបការជួញដូរឈើនេះ បានធ្វើឡើងនៅចំណូចភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ។
មន្ត្រីអាវុធហត្ថក្រុងព្រះវិហារបានឲ្យដឹងថា ដោយទទួលបានបទបញ្ជា និងការចង្អុលបង្ហាញពីសំណាក់ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធខេត្តព្រះវិហារ លោកវរៈសេនីយ៍ត្រី ចាន់ សុភិនណារ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះវិហារ សហការជាមួយជំនាញរដ្ឋបាលព្រៃ ចុះបង្ក្រាបការជួញដូរឈើខាងលើ។ មន្រ្តីកងរាជអាវុធហត្ថដដែល បានឲ្យដឹងថា ក្រោយពីធ្វើការវាស់វែងរួចឈើទាំងនេះ បានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ ចាត់ការតាមនិតិវិធីច្បាប់។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក អ៊ុន ចាន់ដា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលខេត្តព្រះវិហារ បានដាក់ចេញនូវវិធានការក្តៅដល់អជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវខិតខំបង្ក្រាបបទល្មើសនានា ក្នុងខេត្តឲ្យមានប្រសិទ្ធិភាព ពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសព្រៃឈើ៕