(រតនគិរី)៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានសម្រេចសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង ៧,៣០០ម៉ែត្រ និងអណ្តូងទឹកចំនួនពីរបន្ថែមទៀត បំពេញតាមសំណូមពររបស់ប្រជាពលរដ្ឋ និងដើម្បីសម្រួលការងារធ្វើដំណើរប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋផងដែរ។
ការសម្រេចនេះ បានធ្វើឡើងក្នុងពេលលោកអភិបាលខេត្ត និងលោកទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិតេន ឃុំយ៉ាងទុង ស្រុកអូរយ៉ាដាវ នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ថង សាវុន ក៏បានស្នើឲ្យកម្លាំងនគរបាលប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហការជាមួយប្រជាពលរដ្ឋយកចិត្តទុកដាក់ ដោះស្រាយជូនប្រជាពលរដ្ឋលើបញ្ហាមួយចំនួន ដែលពួកគាត់បានលើកឡើងដូចជា បញ្ហាគ្រឿងញៀន ក្មេងទំនើង អំពើហិង្សាក្នុងគ្រួសារ រួមទាំងការផ្តល់សេវាអប់រំ និងសេវាសុខភាពជាដើម៕