(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ខាងមុខឆាប់ៗនេះ លោក ដូណាល់ ត្រាំ ដែលគេស្គាល់ថា ជាសេដ្ឋីនិងជាអ្នកនយោបាយមាត់ដាចនឹងឡើងកាន់អំណាច ជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដែលជាប្រទេសគេចាត់ទុកថា ជាប្រទេសកំពូលសេរី និងមហាអំណាចលើពិភពលោកហើយ។
លោក អៀ សុផល សាស្ត្រាចារ្យរងជំនាញខាងការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental College នាទីក្រុងឡូសអែនជើឡេស សហរដ្ឋអាមេរិក ដែលមានដើមកំណើតជាខ្មែរ ហើយគេចាត់ទុកថា ជាមនុស្សចេះដឹងមួយរូប ដែលបានប្រកាសហៅ លោក ដូណាល់ ត្រាំ ថា ជាជនអវិជ្ជា និងផ្តាច់ការ ប៉ុន្តែទីបំផុតលទ្ធផលបោះឆ្នោតបានបង្ហាញថា បុរសដែលសាស្រ្តាចារ្យរូបនោះហៅថា «ជនផ្តាច់ការ» ត្រូវបានគាំទ្រដោយប្រជាជនភាគច្រើន នៅសហរដ្ឋអាមេរិក ឱ្យធ្វើជាប្រធានាធិបតីទៅវិញ។
ឥឡូវនៅថ្ងៃទី២០ ខែមករាខាងមុខនេះ លោក ដូណាល់ ត្រាំ នឹងឡើងកាន់ដំណែងជាផ្លូវការហើយ ចាំមើលសាស្ត្រាចារ្យដែលហៅគេល្ងង់ខ្លៅ និងជាមនុស្សអវិជ្ជា នឹងទៅចូលរួមនៅក្នុងពិធីនេះដែលឬអត់ បើសិនជា ដូណាល់ ត្រាំ ជាជនផ្តាច់ការដូចការហៅរបស់ លោក អៀ សុផល មែននោះ សហរដ្ឋអាមេរិកក៏នឹងក្លាយជាប្រទេស ដែលគេហៅថា ផ្តាច់ការដែរ ដូច្នេះតើ លោក អៀ សុផល ដែលតាំងខ្លួនជាជនប្រជាធិបតេយ្យ ហើយដើរចោទគេឯងថាជា «ជនផ្តាច់ការ» នោះ គួរបន្តរស់នៅលើទឹកដី សហរដ្ឋអាមេរិកទៀត ឬយ៉ាងណា ដោយសារតែពេលនេះបុរសម្នាក់ដែលលោកហៅថា «ជនផ្តាច់ការ» ត្រូវបានគាំទ្រឱ្យដឹកនាំសហរដ្ឋអាមេរិកទាំងមូលទៅហើយ។
មុនការបោះឆ្នោតនៅអាមេរិក លោក អៀ សុផល បានប្រកាសជាមុនថា ការឡើងកាន់អំណាចរបស់ លោក ត្រាំ គឺជា «ការក្រោកឡើងរបស់មនុស្សអវិជ្ជា» ហើយថា លោកប្រធានាធិបតីថ្មីរបស់អាមេរិករូបនេះ មានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ កាសែត Cambodia Daily បានដកស្រង់សម្តីរបស់ លោក អៀ សុផល តាមសារអេឡិចត្រូនិកថា «គាត់ (សម្តេច ហ៊ុន សែន) និង ត្រាំ មានលក្ខណៈស្រដៀងគ្នាយ៉ាងខ្លាំង។ ត្រាំ បង្ហាញពី និន្នាការយ៉ាងច្បាស់ថា អត្ថាធិបតេយ្យទាក់ទិនគ្នាយ៉ាងខ្លាំងទៅនឹងរបបផ្ដាច់ការ សូម្បីជនហ្វាស៊ីស។ គាត់ស្អប់សារព័ត៌មានចង់ដឹងសារព័ត៌មាន។ គាត់រសើបចំពោះការរិះគន់។ គាត់តែងតែត្រូវជានិច្ច ទោះបីជាគាត់ខុសទាំងស្រុងក៏ដោយ។ បើយើងក្រឡេកមើលទៅជុំវិញពិភពលោក មេដឹកនាំដូចគាត់ សុទ្ធតែមាននិន្នាការមិនស្របតាមលទ្ធិប្រជាធិបតេយ្យ»។
ទោះជាមានការរិះគន់បែបនេះក៏ដោយ លទ្ធផលនៃការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលប្រកាសនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបង្ហាញថា លោក Donald Trump បេក្ខជនមកពីគណបក្សសាធារណរដ្ឋ បានឈ្នះលើសលុបទៅលើ លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលមកពីគណបក្ស ប្រជាធិបតេយ្យ។ លោក Donald Trump ទទួលបាន ២៧៦សំឡេងក្នុងចំណោមតំណាងរដ្ឋសរុប ៥៣៨សំឡេង ខណៈដែល លោកស្រី Hillary ទទួលបានត្រឹមតែ ២១៨សំឡេងប៉ុណ្ណោះ។
ដោយឡែក ក្នុងបទសម្ភាសន៍ជាមួយព័ត៌មានឌឺខេមបូឌា ដេលី ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែ វិច្ឆិកានោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក៏បានហៅលោក ដូណាល់ ត្រាំ ថាមិនមែនជាជាអ្នកប្រជាធិបតេយ្យ ហើយជាជនជឿជាក់លើអំណាចផ្តាច់ការរបស់លុយផងដែរ។ លោក សម រង្ស៊ី ថែមទាំងបាន លើកឡើងទៀតថា បើលោក ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតេយ្យអាមេរិក នឹងមានគ្រោះថ្នាក់បំផុតចំពោះពិភពលោក ដែលផ្ទុយពីលោកស្រី ហ៊ីឡារី គ្លីនតុន ដែលមានសភាពនឹងនរ។ ប៉ុន្តែនៅពេលនេះបុរសដែលលោក សម រង្ស៊ី ប្រធានបក្សប្រឆាំងនៅកម្ពុជាហៅថា ជាជនផ្តាច់ការនោះ បានក្លាយជាប្រធានាធិបតីលើកទី៤៥ របស់អាមេរិកហើយ ដូច្នេះលោក សម រង្ស៊ី ក៏អាចចូលរួមជាមួយលោក អៀ សុផល ដើម្បីធ្វើបាតុកម្មប្រឆាំងលោក ដូណាល់ ត្រាំ នៅថ្ងៃស្បថលើកឡើងកាន់អំណាច៕