(ភ្នំពេញ)៖ ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចោទប្រកាន់ជាថ្មីថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសូកប៉ាន់លុយ ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ដើម្បីឱ្យនាងធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ។ ចំពោះរឿងនេះ កញ្ញា ធី សុវណ្ណថា បាននិយាយនៅថ្ងៃអាទិត្យនេះថា នេះជាល្បែងវាយប្រហាររបស់លោក សម រង្ស៊ី ហើយសារទាំងឡាយដែលបង្ហោះលើ Facebook របស់នាងនោះ គឺជាការរៀបចំដោយក្រុម Hacker។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយ សកម្មជននៅប្រទេសបារាំង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ កាលពីម្សិលមិញ លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ បានរិះគន់ចំពោះការចាប់ខ្លួន អគ្គលេខាធិការគ.ជ.ប និង មន្រ្តីអាដហុក៤នាក់ ដោយគ្រាន់តែមានការពាក់ព័ន្ធនឹងការយកលុយ៥០០ដុល្លារ ទៅឱ្យក្រុមគ្រួសារកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។ ជាមួយនេះគ្នា លោកក៏ចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថាបានសូកលុយកញ្ញា ធី សុវណ្ណថា រហូតដល់១លានដុល្លារ ប៉ុន្តែមិនមានសមត្ថកិច្ចណាចាប់ខ្លួនទេ។
លោកបានថ្លែងយ៉ាងដូច្នេះថា «ចាប់នេះ គ្នាអត់ដឹងខ្លួនសោះ។ រឿងកំប៉ិកកំប៉ុក៥០០ដុល្លារចាប់៥នាក់ មានមន្រ្តីសិទ្ធិមនុស្សអាដហុក អគ្គលេខាធិការរងគ.ជ.ប។ (ចោទ)ថាបានពាក់ព័ន្ធនឹងការយកលុយ៥០០ដុល្លារទៅជួយក្រុមគ្រួសារអ្នករងគ្រោះ។ ចាប់គ្នាដាក់គុក៥នាក់ ជិត១ឆ្នាំហើយនៅក្នុងគុក ចុះ(សម្តេច) ហ៊ុន សែន សូក ធី សុវណ្ណថា ១លានដុល្លារ ម៉េចអាណាមិនធ្វើអី (សម្តេច) ហ៊ុន សែន ផង»។
លោកបានបន្ថែមទៀតថា «លុយនោះគឺជាលុយពុករលួយ ទៅសូកប៉ាន់មនុស្សឱ្យធ្វើអាក្រក់ ឱ្យរករឿងគណបក្សសង្រ្គោះជាតិ ឱ្យធ្វើបាតុកម្ម ជួលនេះជួលនោះ ពុករលួយ។ អត់ធ្វើអីទេ រួចខ្លួនខាងគេ ឯខាងយើងនេះជាប់គុក៥ឆ្នាំ»។
កញ្ញា ធី សុវណ្ណថា បានប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ឱ្យដឹងថា ការចោទប្រកាន់បែបនេះរបស់លោក សម រង្ស៊ី គឺជាការ វាយប្រហារសងសឹកចំពោះរូបនាង។ នាងបានអះអាងថា អ្វីដែល លោក សម រង្ស៊ី និយាយនេះ គឺជាព័ត៌មានខុសការពិត។ ក្រុម Hacker បានរៀបចំសារទាំងឡាយ ហើយបានបង្ហោះលើ Facebook ផ្លូវការ របស់នាងកន្លងមកនេះ។ ហើយបច្ចុប្បន្ននេះក៏ដោយ Facebook របស់កញ្ញា ត្រូវបានគ្រប់គ្រងដោយក្រុម Hacker។ កញ្ញាបានបន្ថែមថា លោក សម រង្ស៊ី បានយកអ្វីដែល Hacker បានផ្សព្វផ្សាយនោះ មកវាយប្រហារនាងជាមួយនឹង សម្តេចតេជោ ហ៊ុន សែន ដើម្បីបង្កាច់បង្ខូចកិត្តិយសរបស់នាង។
សូមបញ្ជាក់ថា នាថ្មីៗនេះ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនដើម្បីសង្គម ដែលជាអតីតសកម្មជន របស់គណបក្សសង្រ្គោះជាតិ បានចេញប្រកាស តាមរយៈវិដេអូឃ្លីបថ្មីមួយទៀត ដែលមានរយៈពេលជាង៣នាទីថា Facebook Page ជាង២លាន Like របស់នាងត្រូវបាន គ្រប់គ្រងទាំងស្រុងដោយ ក្រុម Hacker ហើយ។ ជាមួយគ្នានេះ នាងក៏បានប្រកាសថា ចាប់ពីពេលនេះតទៅ នាងនឹងមិនអាចទទួលខុសត្រូវចំពោះ Facebook មួយនេះទៀតឡើយ៕