(បន្ទាយមានជ័យ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍កម្ពុជា-ថៃ ប្រកាសចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ នៃប្រទេសទាំង២ ក្នុងកិច្ចប្រតិបត្តិការទប់ស្កាត់នូវបទល្មើសឆ្លងដែនដូចជាអំពើ ភេរវកម្ម ឧក្រិដ្ឋកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងលិខិតស្នាមផ្សេងៗ។
ការប្រកាសចងសម្ព័ន្ធភាពជាមួយគ្នានេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ជួបសំណេះសំណាលជាមួយ លោក ណាត់ ថាថនប្រក់ស៊ូនថន (Nathathorn Prousoontorn) អគ្គនាយកដ្ឋានអន្តោប្រវេសន៍នគរបាលថៃ។ ក្នុងនោះភាគីទាំង២ បានជួបចាប់ដៃគ្នានៅលើស្ពានមិត្តភាពកម្ពុជា-ថៃ នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមានការចូលរួមពី មន្ដ្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
លោក ណាត់ ថាថនប្រក់ស៊ូនថន (NaThaThorn Prousoontorn) និងនាយឧត្ដមសេនីយ៍ សុខ ផល បានថ្លែងរួមគ្នាថា ការងារអន្តោប្រវេសន៍ គឺជាកិច្ចការមួយដែលបណ្ដាប្រទេសនានា ជួយរួមចំណែកទប់ស្កាត់នូវបទល្មើសឆ្លងដែន ហើយក៏មានមោទនភាពយ៉ាងក្រៃលែង ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃប្រទេសទាំង២ បានចាប់ដៃគ្នា ចងសម្ព័ន្ធមេត្រីភាពគ្នា ក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា ពិសេសលើការងារគ្រប់គ្រងច្រកព្រំដែនអន្តរជាតិ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា និងប្រទេសថៃ។
អគ្គនាយកទាំង២ បានបញ្ជាក់ថា «ថ្ងៃនេះ គឺយើងសម្ដែងនូវការសាមគ្គីគ្នា និងសូមផ្ដាំផ្ញើដល់ប្រធានប៉ុស្តិ៍ច្រកទ្វារព្រំដែននៃប្រទេសទាំង២ចាប់ដៃគ្នា ផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាការពារនូវច្រកទ្វារព្រំដែនរបស់យើងទាំង២នេះ ឲ្យបានទទួលនូវការបម្រើរបស់ប្រជាពលរដ្ឋ និងបម្រើការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ នៃប្រទេសទាំង២ផង បង្ការ ទប់ស្កាត់បាននូវបទល្មើសភេរវកម្ម បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសជួញដូរគ្រឿងញៀន ព្រមទាំងបទល្មើសផ្សេងទៀតដែលជនល្មើសតែងឆ្លៀតឱកាសធ្វើសកម្មភាពឆ្លង កាត់នៅតាមច្រកទ្វារព្រំដែនរបស់យើង នៃប្រទេសទាំង២»។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍នគរបាលថៃ ក៏បានអញ្ជើញគណៈប្រតិភូ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នគរបាលកម្ពុជា មកកន្លែងការិយាល័យ និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ឲ្យគ្នាទៅវិញទៅមក ក្នុងន័យរឹតចំណងសាមគ្គីភាពកាន់តែរឹងមាំជាដរាប។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍កម្ពុជា បានពិនិត្យមើលកន្លែងនគរបាលអន្តោប្រវេសន៍ ដែលត្រួតពិនិត្យលើ ការចេញចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ បានណែនាំ អប់រំដល់នគរបាលអន្តោប្រវេសន៍ ធ្វើយ៉ាងណាត្រូវបំពេញបែបបទជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវអន្តរជាតិ អន្តរជាតិ ឆ្លងកាត់ព្រំដែនឲ្យបានឆាប់រហ័សកុំឲ្យ ពួកគាត់មានការថ្នាំងថ្នាក់ និងបានត្រួតពិនិត្យមើលកន្លែងដាក់ម៉ាស៊ីនស្កេន មើលសម្ភារៈភ្ញៀវ របស់ភ្ញៀវជាតិ-អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ព្រំដែនចូលមកកម្ពុជាផងដែរ៕