(ត្បូងឃ្មុំ)៖ លោកស្រី ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន បានប្រគល់ផ្ទះទេវតាមួយខ្នង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនលោកយាយ អ៉ី ស័រ អាយុ៨៣ឆ្នាំ ដែលជាម្ដាយធម៌របស់សម្ដេច ហើយបានផ្ដល់ផ្ទះឲ្យសម្ដេច និងសម្ដេចកិត្តិព្រឺទ្ធបណ្ឌិត ស្នាក់អាស្រ័យក្នុងសម័យ ប៉ុល ពត។ ការប្រគល់ផ្ទះនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិតាហៀវលើ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះក្រុមការងារ ដែលដឹកនាំដោយ លោកស្រី ហ៊ុន ម៉ាណា ក៏បានរៀបចំចែកអំណោយមនុស្សធម៌ ជូនលោកតា លោកយាយ សិស្សានុសិស្ស ជនពិការ រួមមានសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សូមជម្រាបថា លោកយាយ អ៊ី ស័រ ធ្លាប់បានជួយយកអាសា និងផ្តល់កន្លែងស្នាក់នៅជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឆ្នាំ១៩៧៦ គ្រាដែលសម្តេចកំពុងតែចេញតស៊ូបម្រើប្រទេសជាតិ ដែលមានសង្គ្រាមកាលពីអតីកាលដ៏ជូរចត់។ លោកយាយធ្លាប់បានជួបសម្តេចតេជោ ហ៊ុន សែន ម្តងរួចមកហើយកាលពីពេលថ្មីៗកន្លងទៅនេះ ដោយសម្តេចសន្យាផ្តល់ជូនផ្ទះទេវតាមួយខ្នងជូនលោកយាយ។
កាលពីពេលដែលលោកយាយ បានជួបសម្ដេចតេជោនោះ ខណៈដែលសម្ដេចតេជោ ហ៊ុន សែន ធ្វើដំណើរត្រួតពិនិត្យសមិទ្ធផលនៅខេត្តត្បូងឃ្មុំ និងកំពង់ចាមនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។ នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានរម្លឹកអំពីប្រវត្តិ និងរឿងរ៉ាវដែលសម្តេច បានទីសុំជ្រកភ្លៀងនៅផ្ទះលើនេះថែមទៀត។ សម្តេចថា កាលណោះប្រជាពលរដ្ឋនៅក្នុងផ្ទះនេះពុំបានដឹងថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរៀបការនឹងគ្នាទេ ប៉ុន្តែពួកគេបានបំបែកសម្តេចទាំងពីរមិន ឱ្យដេកជាមួយគ្នា ហើយសម្តេចក៏យល់ព្រមតាមនោះ។
ផ្ទះឈើដែលសល់តាំងពីជំនាន់មុននោះជារបស់ លោកយាយ អ៊ី ស័រ ដែលមានវ័យចាស់ជរា។ ប៉ុន្តែនៅពេលដែលជួបលោកយាយខាងលើនោះភ្លាម សម្តេចតេជោ ហ៊ុន សែន មិនបានប្រកាន់ខ្ពស់ទាបអ្វីឡើយ ថែមទាំងបានហៅ លោកយាយថា «ម៉ែៗ»ថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន និងលោកយាយ អ៊ី ស័រ បានសម្តែងភាពស្និទស្នាលមិនខុសពីម្តាយ និងកូន៕