(ស្ទឹងត្រែង)៖ កម្លាំងសមត្ថកិច្ចក្រុងស្ទឹងត្រែង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបង្ខាំងប្រពន្ធទើបតែលែងលះគ្នាបាន៣ខែ ទុកក្នុងផ្ទះរយៈពេល២ថ្ងៃ ដើម្បីសុំត្រូវរ៉ូវគ្នាជាថ្មី។
ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ ត្រង់ចំណុចសាលារៀនបួនមករា ភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បណ្តាលឱ្យមានការផ្អើលឆោរឡោនៅក្នុងភូមិ និងលើបណ្តាញសង្គម Facebook។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខេន លីហុង អាយុ៣៥ឆ្នាំ មុខរបរបើកបរ ដោយឡែកជនរងគ្រោះឈ្មោះ ផាត សុឈៀក អាយុ២៧ឆ្នាំ។
បើតាមនគរបាល ជនបង្ក និងជនរងគ្រោះជាប្ដីប្រពន្ធទើបលែងលះគ្នាបានរយៈពេល៣ខែ (ត្រឹមភូមិឃុំ) ដោយជនបង្ក ចិត្តមិនដាច់ពីប្រពន្ធទើបធ្វើសកម្មភាពចាប់ប្រពន្ធ ទៅបង្ខាំងទុកក្នុងផ្ទះសំណាក់ដើម្បីសំស្នេហ៍ជាថ្មី។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចចម្រុះទាំងអាវុធហត្ថ និងនគរបាល បានរៀបចំកម្លាំងស្រាវជ្រាវបង្ក្រាប ដល់យប់ថ្ងៃដដែលទើប កម្លាំងអាវុធហត្ថក្រុង ឃាត់ជនសង្ស័យបាន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការតាមនីតិវិធី៕