(ក្រចេះ)៖ ផ្ទះប្រជាពលរដ្ឋ៣ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ខ្ទេចគ្មានសល់ នៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិព្រែកសំរោង ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។
លោក ហេង សុថា អភិបាលស្រុកឆ្លូង បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងតាំងពីម៉ោងជាង១២ រហូតមកទល់មោងជិត៣រសៀល ទើបរលត់អណ្ដាតភ្លើង តែមិនទាន់រលត់ទាំងស្រុងនោះទេ ហើយសមត្ថកិច្ចបាញ់ទឹកពន្លត់បន្ដទៀត ដោយប្រើទឹកអស់ជាង១០ឡាន។
លោកអភិបាលស្រុកបន្តទៀតថា ផ្ទះពលរដ្ឋដែលរងគ្រោះអគ្គីភយ័នោះ មានចំនួន៣ផ្ទះ ខូចខាតទាំងស្រុង ហើយការឆេះនេះ បណ្ដាលមកពី ទុស្សេខ្សែភ្លើងចេញពីផ្ទះកណ្ដាល ទើបឆេះរាលដាលដល់ផ្ទះសងខាងទៀត តែមិនទាន់ដឹងខូចខាតទ្រព្យសម្បិត្តអស់អ្វីខ្លះនោះ។ បើតាមលោកអភិបាលស្រុក ពេលនេះកម្លាំងសមត្ថកិច្ច កំពុងប្រើប្រាស់ឡានទឹក៣គ្រឿងបន្ថែមទៀត ដោយ២គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងមួយគ្រឿង របស់អធិការដ្ឋានស្រុកឆ្លូង៕