(កំពង់ចាម)៖ លោក សោ សាវឿន សមាជិកអចិន្ត្រៃយ៍គណកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំអូរស្វាយ ស្រុកកំពង់សៀម បានលើកឡើងថា ដោយសារគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវសន្ដិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជូនប្រជាជន និងប្រទេសកម្ពុជា។
ថ្លែងបែបនេះ ត្រូបានធ្វើឡើង នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតី គណកម្មាធិការបក្សមូលដ្ឋានឃុំអូរស្វាយ បានរៀបចំ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៨ នៃទិវាជ័យជំនះ៧មករា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្នុងនោះក៏មានការចូលរួមពី សមាជិកក្រុមការងារ ចុះជួយឃុំអូរស្វាយ និងប្រជាពលរដ្ឋ សរុបចំនួន៣៥០នាក់ ផងដែរ។
លោក សោ សាវឿន បានសង្កត់ធ្ងន់ថា «យើងប្រារព្ធពិធីនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណណូបការៈដ៏ឧត្តុងឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់នៅរបស់កម្ពុជា»។
លោកថា នេះជាសច្ចៈធម៌ប្រវត្តិសាស្ត្រ ដែលគ្មានកម្លាំងណាអាចមកបំភ្លៃ បំភ្លើស បំភ្លេច និងបំផ្លាញបានឡើង ហើយស្មារតី៧មករានេះ ជាស្មារតីមិនមែនតែជារបស់គណបក្សប្រជាជនកម្ពុជាតែមួយនោះទេ តែគឺជារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប ហើយក្រោយថ្ងៃរំដោះ៧មករា កម្ពុជាត្រូវស្តារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅឡើងវិញ ពីចំនុចសូន្យ និងពីបាតដៃទទេ ក្នុងស្ថានភាពប្រទេសមានសន្តិភាពផង និងមានសង្គ្រាមផង ហើយត្រូវទទួលការហ៊ុទ័ព្ធ ខាងសេដ្ឋកិច្ច និងឯកោខាងនយោបាយ យ៉ាងអយុត្តិធម៌ថែមទៀត ពីបណ្តាប្រទេសមួយចំនួន។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយបានបន្តដោះស្រាយជូនប្រជាពលរដ្ឋដូចជា បន្តមិនយកពន្ធលើដីស្រែចម្ការ, បញ្ចុះតម្លៃអគ្គិសនី, តម្លើងប្រាក់ខែជូនដល់មន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ កម្មការីនីរោងចក្រ, មិនយកតម្លៃក្នុងការធ្វើ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, សម្រេចលុបចោលការបង់ភាស៊ី និងបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារទូទាំងប្រទេស ព្រមទាំងបន្តកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការបង្ក្រាបចោរកម្ម ឃាតកម្មគ្រឿងញៀន ការកាប់ឈើខុសច្បាប់ ការទន្រ្ទានដីធ្លីខុសច្បាប់ បទល្មើសនេសាទ អាជីវកម្មរ៉ែខុសច្បាប់ និងដាក់កុងត្រូលយកលុយជាដើម។
បន្ថែមពីនេះ លោកប្រធានក្រុមការងារ ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់បន្តគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរាណ៍ផ្លូវគោក និងជៀសឲ្យឆ្ងាយអំពីគ្រឿងញៀន។
ជាមួយគ្នានោះដែរ លោក សោ សាវឿន ក៏បាននាំអំណោយរបស់ លោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ចែកជូនប្រជាពលរដ្ឋផងដែរ៕