(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម ក្រោមការណែនាំពី លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្ត នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ បានចាប់ជនគ្រឿងញៀន៤នាក់ជាបន្ដបន្ទាប់ នៅចំណុចភូមិ៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាមួយនឹងការដកហូត ថ្នាំញៀន២កញ្ចប់ធំ រថយន្ដ១គ្រឿង និងលុយជាង២ពាន់ដុល្លារ ព្រមទាំងវត្ថុតាងមួយចំនួនទៀត។
នគរបាល បានឲ្យដឹងថា កម្លាំងនគរបាលជំនាញទទួលបានព័ត៌មានពីម្ចាស់រថយន្ដឈ្នួលថា ក្រុមជនសង្ស័យបានផ្ញើកេះស្នោបិតជិតមកពីខេត្តស្ទឹងត្រែង បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ជំនាញបានចុះទៅចំណុចកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចាន់ធី ចរិយាភា ភេទស្រី អាយុ២៥ រស់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌ស១កញ្ចប់ធំ ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូម៉ាកធូដេ ពណ៌លឿង១គ្រឿង។
នគរបាលបន្ដថា តាមចម្លើយសារភាព កម្លាំងជំនាញបន្ដឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀត ដែលទី១៖ឈ្មោះ ដុំ វាសនា ហៅស្នាដុំ អាយុ៤២ឆ្នាំ, ទី២៖ឈ្មោះ រី រម្យលី ហៅលី អាយុ២៨ឆ្នាំ និងទី៣៖ឈ្មោះ ទូច ចាន់កុសល ហៅរ៉ាស៊ីត ហើយដកហូតបាន ម្សៅក្រាមពណ៌ស១កញ្ចប់, ទូរស័ព្ទដៃ៣គ្រឿង, រថយន្តម៉ាក RX300 ពណ៌ត្រាវ ១គ្រឿង, ប្រាក់ដុល្លារ១,៥៩០ដុល្លារ, ប្រាក់រៀល២,០៧០,០០០រៀល, លុយបាត២៤០បាត, លុងដុង២០ម៉ឺនដុង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕