(តាកែវ)៖ លោក ពេជ សោភ័ន​​ សហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន​ស្រុកព្រៃកប្បាស ខេត្តតាកែវ បានបញ្ជាក់ថា គោលបំណងធំ របស់គណបក្សប្រជាជនកម្ពុជា គឺចង់ឱ្យប្រជាពលរដ្ឋមានជីវភាព​កាន់តែល្អប្រសើរ ដោយរស់នៅយ៉ាងសុខដុមរមនា ហើយធ្វើយ៉ាងណា ដើម្បីកាត់បន្ថយភាពក្រីក្រដល់ពលរដ្ឋ។

លោកបន្តថា នៅឆ្នាំ២០១៧នេះ កម្ពុជាបានចាកចេញពីចំណាត់ថ្នាក់ប្រទេស មានប្រាក់ចំណូលកម្រិតទាប ទៅជាប្រទេស មានប្រាក់ចំណូល មធ្យមកម្រិតទាបរួចហើយ និងសម្រចឲ្យបាននូវគោលដៅជាតិ ដែលមានបំណងប្រែក្លាយ ជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

លោកបន្តទៀតថា លទ្ធផលដែលសម្រេចបានដូចនេះ ក៏ដោយសាររាជរដ្ឋាភិបាល បានចាត់ទុកវិស័យអប់រំបណ្តុះបណ្តាល​បច្ចេកទេស​ និងវិជ្ជាជីវៈ ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាព​ដទៃទៀត​របស់​រាជ រដ្ឋាភិបាល ក្នុងយុទ្ធសាស្រ្តកាត់​បន្ថយ​ភាពក្រីក្រ​របស ​ប្រជាពលរដ្ឋ ដោយផ្អែកលើការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និង​ការ​​លើក​កម្ពស់ជីវភាព​រស់នៅ​របស់ពួកគេ។

ការលើកឡើងដូចនេះរបស់ លោក ពេជ សោភ័ន គឺបានធ្វើឡើងនៅក្នុងឱកាសអបអរសាទរ​សន្និបាត បូកសរុបការងាររយៈពេល ៥ឆ្នាំ ២០១២-២០១៧ និងទិសដៅភារៈកិច្ចបន្តឆ្នាំ ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្ស និងក្រុមប្រឹក្សាឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ។

ថ្លែងក្នុងឱកាសនោះទៀតដែរ លោកសហប្រធានក្រុមការងារថ្នាក់ជាតិ​ ចុះជួយមូលដ្ឋាន​ស្រុកព្រៃកប្បាស ក៏បានសាទរ ចំពោះក្រុមការងារ ចុះជួយ មូលដ្ឋានឃុំស្នោ ក្នុងការចូលរួមអភិវឌ្ឍឃុំ និងបានកែប្រែជីវភាព​ប្រជាពលរដ្ឋក្នុងឃុំ ឱកាន់តែប្រសើរជាងមុនតាមរយៈការផ្តល់អាហារូបករណ៍ដល់​កូនចៅ​ប្រជាពលរដ្ឋ​ក្នុងឃុំ ដែលពុំមានលទ្ធភាពបន្តការសិក្សានៅរាជធានីភ្នំពេញ និងផ្តល់ឱកាសជូន​ពួកគាត់អាចមាន​លទ្ធភាព និងសមត្ថភាព ប្រឡងយកអារូបករណ៍ទៅបន្តការ​សិក្សា នៅក្រៅប្រទេស​ផងដែរ។

ជាមួយនឹងការចូលរួមសាទរ និងកោតសរសើរដល់សកម្មភាព ក្រុមការងារចុះជួយនៅតាមឃុំនានា ក្នុងស្រុកព្រៃកប្បាស់នេះ លោក ពេជ សោភ័ន ជំរុញឱ្យក្រុមការងារខិតខំអភិវឌ្ឍបន្ថែមតាមភូមិ-ឃុំ ជាពិសេសត្រូវធ្វើយ៉ាងណា បង្កើនទំនុកចិត្ត ដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា ដើម្បីឈានដល់ការបន្តឈ្នះឆ្នោតនៅឆ្នាំ២០១៧ និង២០១៨ខាងមុខ៕