(ពោធិ៍សាត់)៖ សត្វមាន់រស់ ជិត២,០០០ក្បាល ទម្ងន់ជាង៣តោន ដែលត្រូវបានឈ្មួញដឹកពីប្រទេសថៃ ចូលមកកាន់ទីផ្សារកម្ពុជា ឆ្លងចូលតាមច្រករបៀង ដោយគ្មានលិខិតបទដ្ឋានត្រឹមត្រូវនោះ ត្រូវបានកម្លាំងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយកម្លាំងពេទ្យសត្វខេត្តពោធិ៍សាត់ និងសមាគមអ្នកចិញ្ចឹមមាន់នៅកម្ពុជា ឃាត់នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិស្មាព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក សាំង សារ៉ន ប្រធាននាយកដ្ឋានផ្សព្វផ្សាយបច្ចេកទេស និងនីតិកម្ម និងជាប្រធានបង្ក្រាបបទល្មើចរាចរសត្វទូទាំងប្រទេស បានឲ្យដឹងថា ដោយទទួលព័ត៌មានថា មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ានដាយ ពាក់ស្លាក់លេខកំពង់ស្ពឺ3A-0817 ដឹកសត្វមាន់រស់ឆ្លងដែនចូលតាមច្រករបៀង ដោយគ្មានច្បាប់នោះ ទើបលោកបានដឹកនាំកម្លាំងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះមកសហការជាមួយកម្លាំងពេទ្យ សត្វខេត្តពោធិ៍សាត់ និងមានការចូលរួម ពីសមាគមអ្នកចិញ្ចឹមមាន់នៅកម្ពុជាផងដែរ តាមឃាត់រថយន្តនេះ បាននៅក្នុងភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបានកាន ខេត្តពោធិ៍សាត់។ ប៉ុន្តែភ្លាមនោះ អ្នកបើកបានព្យាយាមគេចខ្លួនបាត់ ថែមទាំងបានរារាំងដោយចាក់សោករថយន្ត មិនឲ្យកម្លាំងជំនាញអនុវត្តបានផងដែរ។
លោកបន្តថា ក្រោយឃាត់រថយន្តនេះ បានរកឃើញសត្វមាន់ ចំនួន១,៨៩០ក្បាល ដែលមានទម្ងន់ជាង៣តោន គ្មានលិខិតអនុញ្ញាត និងមិនមានលិខិតបញ្ជាក់ DLD របស់ប្រទេសថៃ ពីសុខភាពមាន់ ដូច្នេះទើបលោកបានដឹកនាំកម្លាំង ចុះឃាត់មាន់ទាំងនេះ យកទៅពិសោធន៍ដើម្បីស្វែងរកថាមានជំងឺអ្វីមួយ ដែលពាក់ព័ន្ធនឹងសុខភាពសត្វ ហើយបើរកឃើញថាមានជំងឺអ្វីមួយនោះ លោកនឹងកម្ទេចចោល ព្រោះពេលនេះមន្ដ្រីជំនាញ កំពុងមានវិធានការទប់ស្កាត់ជំងឺផ្តាសាយបក្សី ហើយបើមានជំងឺផ្តាសាយបក្សីឆ្លងនោះ អាជីករលក់មាន់នេះ និងមានទោសតាមផ្លូវច្បាប់។
លោកអំពាវនាវដល់អាជីវករកស៊ីលក់សត្វគ្រប់ប្រភេទ ឆ្លងដែនពីប្រទេសជាតិខាង ត្រូវមានលិខិតអនុញាត និងមានលិខិតបញ្ជាក់សុខភាពសត្វផង ដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លង ជាពិសេសជំងឺផ្តាសាយបក្សី ហើយលោកប្តេជ្ញា នឹងខិត ខំបង្ក្រាប់បទល្មើសសត្វឆ្លងដែនឲ្យដូចភ្លៀងរលឹម ដើម្បីរួមចំណែក កាត់បន្ថយភាពក្រីក្រ៕