(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានថ្លែអថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមានសារសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដូច្នេះទើប ក្រុមការងាររៀបចំ ពិធីបោះឆ្នោតស្ទាបស្ទង់ជាមុន ដើម្បីពិនិត្យមើលប្រជាប្រិយភាពរបស់បេក្ខជនម្នាក់ៗ សំដៅធ្វើឲ្យការរៀបចំ បញ្ជីបេក្ខជនតាមលំដាប់លេខរៀង ឲ្យមានប្រសិទ្ធក្នុងការប្រកួតប្រជែង។
ការលើកឡើងរបស់ លោក វងសូត បានធ្វើឡើងនៅក្នុងពិធីបើកសន្និបាតបូក សរុបការងាររយៈពេល៥ឆ្នាំ និងទិសដៅសម្រាប់ ការអភិវឌ្ឍន៍ឃុំអាណត្តិទី៤ ឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ។
ទន្ទឹមនឹងការលើកឡើងអំពីសារសំខាន់នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ លោក វង សូត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានកសាង សមិទ្ធផលជាច្រើន នៅតាមមូលដ្ឋានជាក់ស្តែង ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
លោក វង សូត បានបន្ថែមថា ពាក់ព័ន្ធនឹងបញ្ហាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តកម្មវិធីគោលនយោបបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ គឺសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនទៀត ជូនជាតិ និងប្រជាជន ជាពិសេសការពង្រីកសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរក្សាយ៉ាងរឹងមាំ ធ្វើឲ្យប្រជាជនរស់នៅយ៉ាងសុខសាន្ត ព្រមទាំងធានានូវការអនុគ្រោះ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិផងដែរ។
លោក វង សូត បានលើកឡើងបន្តថា ទាក់ទិននឹងច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីធម៌សម្រាប់ ការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយបានចូលរួមយ៉ាងសកម្មជាមួយ គ.ជ.ឞ អាជ្ញាធរមានសមត្ថកិច្ច គ្រប់គណបក្សនយោបាយ និងមជ្ឈដ្ឋានផ្សេងៗទៀត ក្នុងការពង្រីកបរិយាកាសនយោបាយឲ្យបានល្អប្រសើរ ប្រកបដោយលក្ខណៈអព្យាក្រិត និងប្រជាធិបតេយ្យ ដើម្បីធានាការបោះ ឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក វង សូតបន្តថា ក្រោយពីអ្នកស្នេហាជាតិរបស់គណបក្សប្រជាជនកម្ពុជា បានប្រមូលផ្ដុំជាកម្លាំងមហាសាមគ្គីមួយ បង្កើតបានជារណសិរ្ស ២ធ្នូ ១៩៧៨ ដើម្បីផ្ដួលរំលរបប ប៉ុល ពត យើងក៏ទទួលបានជោគជ័យ ថ្ងៃ៧ ខែមករា ១៩៧៩ ក្នុងនោះកម្ពុជាបានអភិវឌ្ឍប្រទេសជាតិឡើងវិញពីបាតដៃទទេ រហូតប្រទេសឈានឡើងជាប្រទេសមានអភិវឌ្ឍន៍ ដោយសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យម៧.១%ក្នុងមួយឆ្នាំ ជាពិសេសការផ្តល់សុខសន្តិភាព ស្ថេរភាពពាសពេញផ្ទៃប្រទេសរហូតមកដល់សព្វថ្ងៃផងដែរ៕