(ព្រៃវែង)៖ លោក ឡោ សុឡេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រាល ស្រុកកញ្ជៀច ព្រមទាំងសហការី នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សឃុំព្រាល ដែលមានការចូលរួម ពីសមាជិកសមាជិកាបក្ស មកពីបណ្តាភូមិទាំងអស់ ក្នុងឃុំព្រាល ជាង៤០០នាក់។
លោក ឡោ សុឡេង បានលើកឡើងថា សន្និបាតបក្សនេះ រៀបចំឡើងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល នៃការអនុវត្តគោលនយោបាយរបស់គណបក្ស សម្រាប់អភិវឌ្ឍន៍ឃុំ រយៈពេល៥ឆ្នាំ (ឆ្នាំ២០១២ ដល់ឆ្នាំ២០១៧) និងលើកទិសដៅភារកិច្ច ដាក់ចេញនូវកម្មវិធីនយោបាយរបស់គណៈកម្មាធិការគណបក្សឃុំ សម្រាប់អភិវឌ្ឍន៍ពីឆ្នាំ២០១៧-២០២២ និងដំណើរការបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីធ្វើការជ្រើសរើសបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។
លោកប្រធានក្រុមការងារ បញ្ជាក់ថា ដើម្បីធានាបាននូវភាពរលូន និងរបៀបរៀបរយ នៃដំណើរការសន្និបាតគណៈកម្មាធិការគណបក្សឃុំ សូមឲ្យសមាជិក-សមាជិកាទាំងអស់ អនុវត្តឲ្យបានត្រឹមត្រូវតាមកម្មវិធី និងសេចក្តីប្រកាសផ្សេងៗរបស់អង្គសន្និបាត ហើយតាមដានស្តាប់របាយការណ៍ និងមុនពេលអនុម័តបញ្ហាផ្សេងៗ សូមយកចិត្តទុកដាក់ និងមានសាមគ្គីភាពផ្ទៃក្នុង ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ ប្រកបដោយ ប្រសិទ្ធភាព គុណភាព និងតម្លាភាព។
បន្ថែមពីនេះ លោកថា នៅបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចឈប់យកថ្លៃភាស៊ី ពីប្រជាពលរដ្ឋដែលលក់ដូរតាម កញ្ជើ ល្អី នៅទីផ្សារទូទាំងប្រទេស ដែលនេះស្តែងចេញឲ្យឃើញនូវការខិតខំយកចិត្តទុកដាក់គិតគូពី សុខទុក្ខរបស់សម្តេចប្រមុខថ្នាក់ដឹកនាំ ហើយនៅពេលថ្មីៗ រាជរដ្ឋាភិបាលបានសម្រេចឈប់យកថ្លៃពីការផ្តល់សេវាសាធារណៈដូចជា ការធ្វើសំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណជាដើម។
ជាមួយគ្នានោះ លោកប្រធានក្រុមការងារ នាំនូវអំណោយមូលនិធិមនុស្សធម៌របស់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តព្រៃវែង សម្រាប់ឧបត្ថម្ភទៅលើស្រ្តីសម្រាលកូន គ្រួសារសព ក្នុងនោះ៖ ឧបត្ថម្ភស្រ្តីសម្រាលកូនសរុប៤៩៩នាក់ ចំណាយថវិកា៧៤,៥០០,០០០រៀល, ឧបត្ថម្ភស្រ្តីសម្រាលកូន ២១៧នាក់ អស់ថវិកាសរុប១៩,៨០០,០០០រៀល។
ដោយមើលឃើញពីទុក្ខលំបាក លោក ឡោ សុឡេង បានឧបត្ថម្ភស្រ្តីសម្រាលកូនសរុប២៨២នាក់ ចំណាយថវិកា៥៤,៧០០,០០០រៀល ក្រៅពីនេះបានឧបត្ថម្ភដល់គ្រួសារសពសរុប១៥៧នាក់ ចំណាយថវិកា ៣២,៥០០,០០០រៀល រថយន្តសង្រ្គោះដឹកអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យ៣៧នាក់ ចំណាយថវិកា៨,៤០០,០០០រៀល។
សូមបញ្ជាក់ថា ឃុំព្រាលមានសមាជិកក្រុមប្រឹក្សា សរុប៩នាក់ ស្រីម្នាក់ ថ្នាក់ដឹកនាំភូមិ៤៨នាក់ និងគណៈកម្មាធិការនានា៨។ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ក្រុមប្រឹក្សាឃុំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ស្របតាមគោនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងបានមប្រើសេវាសាធារណជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ក្នុងពិធីនេះ លោកប្រធានក្រុមការងារឃុំព្រាល បានឧបត្ថម្ភដល់សមាជិក សមាជិកា ចូលរួមជាង៤០០នាក់ នូវថវិកា៥ពាន់រៀល ក្រមា១ ប្រតិទិន១ នុំប៉័ង១ នំប៉ាវ១ ទឹកសុទ្ធ១ដប និងឧបត្ថម្ភថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និងប្រជាការពារ ២លាន៨សែនរៀល។
ជាមួយគ្នានោះក្រុមការងារ ក៏បានចំណាយថវិកា៣,០២០,០០០រៀល ផងដែរ ដើម្បីរៀបចំអង្គសន្និបាតនេះ៕