(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ អញ្ជើញប្រកាសមុខងារ និងបំពាក់ឋានន្ដរស័ក្ដិ ជូននាយទាហាន នៃកងរាជអាវុធហត្ថក្នុងខេត្តកំពង់ស្ពឺចំនួន១៦រូប ដែលមានស្នាដៃល្អ ក្នុងការបំពេញមុខងារកន្លងមក។
ក្នុងពិធីនេះក៏មានការចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុមន្ទីរ មេបញ្ជាការ ក្រុងស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ ព្រមទាំង នាយទាហាន នាយទាហានរងអាវុធហត្ថ សរុបចំនួន៩៨នាក់។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានផ្តាំផ្ញើដល់ នាយទាហានដែលទទួលបានដំណែងថ្មី និងនាយទាហាន ដែលត្រូវបានដំឡើងឋានន្តរស័ក្តិ ត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះតួនាទីភារកិច្ចរបស់ខ្លួនដែលទទួលបានទៅបម្រើបងប្អូនប្រជាពលរដ្ឋ ជូនជាតិមាតុភូមិ ជូនរាជរដ្ឋាភិបាល ឲ្យទទួលសុខសន្តិភាព សុវត្តិភាព ការពារផលប្រយោជន៏ ជូនពលរដ្ឋស្របច្បាប់ឲ្យបានល្អប្រសើរ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានសង្កត់ធ្ងន់ថា «ក្នុងនាមយើងជាអង្គភាពយោធាច្បាប់ ដែលត្រូវបានថ្នាក់លើ ផ្តល់កិត្តិយសដំឡើង មុខងារ និងឋានន្តរសក្ក័លើកនេះ គឺដើម្បីឲ្យនាយទាហានដែលបានសាងស្នាដៃជូនអង្គភាព លើការងារដែលបានដាក់ឲ្យអនុវត្តនាពេលកន្លងមក»។
សូមបញ្ជាក់ថា នាយទាហានដែលត្រូវប្រកាសមុខងារមានចំនួន៣រូប ទី១៖លោក សោម សាម៉ុន មេបញ្ជាការរងទទួលការងារកសាងកម្លាំង ទី២៖ លោកវរសេនីយ៍ឯក អឿ សំរិទ្ធ មេបញ្ជាការរង និងទី៣៖លោកវរសនីយ៍ឯក អ៊ុល រ៉ាស៊ី មេបញ្ជាការរង ដោយឡែកនាយទាហាន ដែលត្រូវដំឡើងឋានន្តរស័ក្ដិ ចំនួន១៣រូប ក្នុងនោះមានថ្នាក់វរសេនីយ៍ទោ ចំនួន៧រូប និងថ្នាក់វរសេនីយ៍ត្រី ចំនួន៦រូប៕