(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យវិនិយោគ និងពាណិជ្ជកម្ម បានបង្ហាញនូវសារៈសំខាន់ និងគុណតម្លៃដ៏ធំធេង ដែលកម្ពុជាទទួលបាន ក្នុងឱកាសចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៧ នៅប្រទេសស្វីស រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់២០ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។
ដូចជារៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដ៏មានតម្លៃនេះ។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលនឹងអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចនេះ បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះថា វេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំដ៏មានសារសំខាន់នេះ គឺពិតជាផ្តល់នូវគុណប្រយោជន៍ យ៉ាងធំធេងដល់កម្ពុជា។
លោកថា គុណប្រយជន៍ទាំងនោះ រួមមានការដឹង អំពីការវិវឌ្ឍន៍របស់ពិភពលោក ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មផងដែរ ហើយលើសពីនេះ គណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា នឹងជួបមេដឹកនាំកំពូលៗ ទាំងមេដឹកនាំប្រទេស និងមេដឹកនាំផ្នែកទុរកិច្ច មកពីបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោក ផ្លាស់ប្តូរនូវមតិយោបល់គ្នាទៅវិញទៅមក។
លោក សុខ ចិន្តាសោភា បានឲ្យដឹងថា ជារៀងរាល់ឆ្នាំប្រទេសស្វីស តែងតែរៀបចំកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក។ វេទិកាសេដ្ឋកិច្ចពិភពលោក នឹងមានថ្នាក់ដឹកនាំប្រទេស ដូចជាប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី ប្រធានាធិបតី តែងតែទៅចូលរួម ជាក់ស្តែងឆ្នាំនេះ លោកប្រធានាធិបតីចិន លោក ស៉ី ជិនពីន ក៏អញ្ជើញទៅចូលរួមផងដែរ។ ទន្ទឹមការចូលរួមរបស់ថ្នាក់ដឹកនាំប្រទេសនីមួយៗ ក៏ធុរកិច្ចជនកំពូលចូលរួមផងដែរ ដែលជាឱកាសឲ្យទាំងផ្នែករដ្ឋ និងផ្នែកឯកជន បានផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក។
លោក សុខ ចិន្តាសោភា សង្កត់ធ្ងន់ថា «វេទិកាសេដ្ឋកិច្ចពិភពលោក មានសារសំខាន់ណាស់ ជាកន្លែងដែលយើងបានអង្គុយស្តាប់ ដើម្បីបានដឹងថា ខ្យល់វាបក់ទៅណា សេដ្ឋកិច្ចពិភពលោក មាននិន្នការទៅអ្វី? ពិភពលោកមានអ្វីប្រែប្រួល ហើយអ្វីជាការបារម្ភ និងអ្វីការរំពឹងទៅថ្ងៃខាងមុខ ប្រទេសនិមួយៗ យើងលែងរស់ម្នាក់ឯងទៀតហើយ»។
លោកបន្តថា ក្នុងវេទិការសេដ្ឋកិច្ចនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងធ្វើជាវាគ្មិនបង្ហាញសក្តានុពលរបស់កម្ពុជា ក្នុងនាមជាសមាជិកអាស៊ាន ដែលជាឱកាសអ្នកវិនិយោគ មកពីប្រទេសជុំវិញពិភពលោក ដែលចាប់អារម្មណ៍ជាមួយកម្ពុជា ធ្វើការស្វែងយល់ពីកម្ពុជាបាន។
ជាមួយគ្នានេះ លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់អង្គភាព Fresh News ពីសារៈសំខាន់នៃដំណើរទស្សកិច្ច ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៧ នៅប្រទេសស្វីសថា នឹងផ្តល់នូវអត្ថប្រយោជន៍ច្រើន ពាក់ព័ន្ធវិស័យសេដ្ឋកិច្ច និងវិនិយោគ។
លោក ងួន ម៉េងតិច បានលើកឡើងថា «បើនិយាយពីពេលកន្លងមក កម្ពុជាយើងមានវិនិយោគិនមកបណ្តាក់ទុនដូចសព្វថ្ងៃ ដោយសារតែសម្តេចតេជោ ហ៊ុន សែន លោកអញ្ជើញទៅចូលរួម ក្នុងវេទិកាសេដ្ឋកិច្ច ថ្នាក់ពិភពលោកនេះ ដើម្បីផ្សព្វផ្សាយពីកម្ពុជា»។
លោកបន្តថា ការទទួលបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំៗ ក៏មានការចូលរួមចំណែក ពីការអញ្ជើញទៅចូលរួមរបស់សម្តេចតេជោ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកផងដែរ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០១៧ ក្រោមប្រធានបទ «ការរៀបចំប្រព័ន្ធពិភពលោក ប្រឈមមុខនៃភាពមិនច្បាស់លាស់ នៃនយោបាយ និងសេដ្ឋកិច្ច» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-២០ ខែមករា ឆ្នាំ២០១៧ នៅប្រទេសស្វីស។
បើតាមក្រសួងការបរទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងឆ្លៀតប្រើប្រាស់ពេលវេលា និងឱកាសដែលសម្តេចចូលរួមក្នុងវេទិកា ពិភពលោក ក្នុងឆ្នាំ២០១៧ ដែលប្រព្រឹត្តនៅទីក្រុងដារ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស ផ្សព្វផ្សាយពីប្រទេសកម្ពុជា ក្នុងកម្មវិធីពិសេសមួយ ដែលមានចំណងជើងថា «កម្ពុជា ផ្កាយកំពុងរះរបស់អាស៊ាន»។
ក្រសួងការបរទេសបានឲ្យដឹងទៀតថា ក្នុងឱកាសនោះកម្ពុជាក៏នឹងបង្ហាញវិដេអូខ្លីមួយ ស្តីពីការរៀបចំរបស់កម្ពុជា វេទិកាសេដ្ឋកិច្ច ពិភពលោក ស្តីពីអាស៊ាន ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០១៧នេះ។
គណៈប្រតិភូរបស់កម្ពុជា ដែលអមដំណើរសម្តេចតេជោ រួមមាន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសមាជិករាជរដ្ឋាភិបាលមួយចំនួនទៀត៕