(បាត់ដំបង)៖ នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៧ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក លឿង រស្មី អាយុ ៥៤ឆ្នាំ ជាបុគ្គលិក នៃអង្គការបោសសម្អាតមីន HALO TRUST ដែលបានទទួលរងគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតដោយសារផ្ទុះមីន ខណៈពេលកំពុងបំពេញការងារ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ វេលាម៉ោង០៧: ៣០ព្រឹក ស្ថិតនៅទីតាំងចំណុចអូរតាផៃ ក្នុងភូមិហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
នៅក្នុងពិធីទៅចូលរួមរំលែកទុក្ខនោះ លោកប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានពាំនាំនូវការសោកស្ដាយ និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយនឹងក្រុមគ្រួសារនៃសព ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចំពោះឧបទ្ទវហេតុដែលបានកើតឡើងលើរូបលោក លឿង រស្មី និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ចពោះសម្ភារៈ និងថវិកាសម្រាប់ចូលបុណ្យសព រួមមាន ៖ អង្ករ ១០០គីឡូក្រាម មី ៥កេស ទឹកសុទ្ធ ៥កេស ត្រីខ ៥យួរ ទឹកក្រូច ៥កេស និងថវិកា ២,០០០,០០០រៀល។
នៅរសៀលថ្ងៃដដែលនេះដែរ លោកប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក៏បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន លោកស្រី ងុន ថានី អាយុ ២៨ឆ្នាំ ដែលបានទទួលរងរបួសដោយករណីផ្ទុះមីនខាងលើនេះ។ ចំពោះអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ផ្ដល់ជូនលោកស្រី ងុន ថានី ដូចគ្នានឹងការចូលរួមបុណ្យសពដែរ៕