(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចមានគម្រោងជួបជាមួយនឹងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសស៊្វីស នៅអំឡុងពេលចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅសប្តាហ៍ក្រោយនេះ។
តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា វេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស៊្វីសឆ្នាំនេះ នឹងប្រារព្ធឡើងនៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ចាប់ពីថ្ងៃទី១៧ ដល់២០ ខែមករា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ការរៀបចំប្រព័ន្ធ ពិភពលោកប្រឈមនឹងភាពមិនច្បាស់លាស់នៃនយោបាយ និងសេដ្ឋកិច្ច»។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រ Facebook នៅព្រឹកថ្ងៃទី១៥ ខែមករានេះថា «ក្រៅពីកិច្ចការក្នុងវេទិកា សេដ្ឋកិច្ចពិភពលោក ខ្ញុំក៏មានគំរោងជួបសំណេះសំណាលផងដែរជាមួយបងប្អូនខ្មែរយើងដែលកំពុងរស់នៅប្រទេសស្វីស»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា «ការចេញទៅបំពេញការងារក្រៅប្រទេសលើកនេះហាក់ដូចជា យូរថ្ងៃបន្តិច តែនេះជាការចាំបាច់។ ឆ្នាំនេះវេទិកាសេដ្ឋកិច្ចពិភព លោកអំពីអាស៊ាននឹងធ្វើនៅកម្ពុជាក្នុងអំឡុងខែឧសភា។ ដូចនេះ វត្តមានរបស់ខ្ញុំក្នុងការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស នៃប្រទេសស្វីសគឺជាការចាំបាច់។ ខ្ញុំនិងគណៈប្រតិភូ នឹងចាកចេញពីកម្ពុជា នៅម៉ោង៧ល្ងាចនេះឆ្ពោះទៅកាន់ហុងកុង បន្ទាប់មកប្តូរយន្តហោះបន្តដំណើរទៅកាន់ទីក្រុងZurich មុននឹងធ្វើដំណើរតាមរថយន្ត ទៅកាន់កន្លែងប្រជុំនាទីក្រុងដាវ៉ូសនៃប្រទេសស្វីស»។
សូមបញ្ជាក់ថា នៅអំឡុងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនោះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំចំនួន៨ក្នុងនោះរួមមាន៖ ទី១. ការដាក់ដំណើរការគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ភារបើកចំហរកិច្ចសហប្រតិបត្តិការរដ្ឋភិបាល-ឯកជន ទី២. ចក្ខុវិស័យថ្មីមួយសម្រាប់វិស័យកសិកម្ម៖ ការកសាង និងការពង្រឹងភាពជាដៃគូពហុភាគីពាក់ព័ន្ធ ទី៣. ការប្រជុំពហុភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំពិភពលោក ទី៤. ការប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក៖ ការឆ្លើយតប និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ នៅក្នុងពហុភាគីប៉ូលនៅក្នុងពិភពលោក ទី៥. អាស៊ានក្នុងរយៈពេល៥០ឆ្នាំ៖ តើអាស៊ានមានដំណើរទៅមុខទៀតយ៉ាងដូចម្តេច? ទី៦. ការពិភាក្សាឯកជន នៃថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ស្តីពីការស្រាវជ្រាវឱ្យមានដំណើរការដោយរលូននៃបដិវត្តឧស្សាហកម្មលើកទី៤ ទី៧. វិថីអាស៊ាន ឬផ្លូវហាយវេក្នុងពិភពលោកពោរពេញដោយភាពបែកបាក់ និងទី៨ ការបង្ហាញពីការផលិត៖ តើអាស៊ានជាសហគមន៍មួយហើយឬនៅ?៕