(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្អែកនេះ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានក្រុមជំនុំជម្រះ នឹងបើកសវនការជាសាធារណៈមួយនៅទីស្តីការ គ.ជ.ប ដើម្បីធ្វើសេចក្តីសម្រេច ចំពោះពាក្យបណ្តឹងចំនួន០៨ ដែលនៅសេសសល់មិនទាន់ដោះស្រាយរួច ជុំវិញការតវ៉ាលើការបិទបញ្ជីឈ្មោះបោះឆ្នោត អំឡុងពេល១០ថ្ងៃនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប។
រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ទី១៤ ខែមករា ឆ្នាំ២០១៧ កន្លងមកនេះ គ.ជ.ប បានទុកឱកាសឱ្យប្រជាពលរដ្ឋនានា ដែលប្រទះឃើញភាពមិនប្រក្រតីចំពោះឈ្មោះបោះឆ្នោតរបស់ខ្លួន ដែលបានបិទផ្សាយនៅតាមមូលដ្ឋានឃុំ/សង្កាត់នានាទូទាំងប្រទេស ដាក់ពាក្យបណ្តឹងតវ៉ា ដើម្បីឱ្យ គ.ជ.ប នៅតាមមូលដ្ឋានរៀបចំដោះស្រាយជូន។
តាមការឱ្យដឹងពីអ្នកនាំពាក្យរបស់ គ.ជ.ប បានឱ្យដឹងថា រយៈពេល១០ថ្ងៃនេះ គ.ជ.ប បានទទួលពាក្យបណ្តឹងរហូតដល់៧០០ករណី ប៉ុន្តែករណីទាំងនោះត្រូវបានដោះស្រាយបញ្ចប់រួចរាល់ហើយនៅតាមមូលដ្ឋាន ដោយនៅសេសសល់តែ៨ប៉ុណ្ណោះ ដែលភាគច្រើនប្តឹងដោយគណបក្សប្រឆាំង។
យ៉ាងណាក៏ដោយ បើតាមសេចក្តីប្រកាសរបស់ គ.ជ.ប, ពាក្យបណ្តឹងទាំង០៨ រួមមានបណ្តឹងលេខ ០៤៦ ០៤៨ ០៤៩ ០៥០ ០៥១ ០៥២ និង ០៥៣៕