(ភ្នំពេញ)៖ បុរសម្នាក់ និងនារីបានស្លាប់បាត់បង់ជីវិត នៅហ្នឹងកន្លែង បន្ទាប់ពីពួកគេទាំងពីរបានបើកម៉ូតូ ទៅបុកឃឿនពុះចែកទ្រូងផ្លូវ ដែលធ្វើឲ្យពួកគេហោះផ្លោង មកកណ្តាលផ្លូវ ត្រូវរថយន្តដឹកទំនិញបើកមកដល់ ក៏កិនបែកក្បាលចេញខួរមើលទៅគួរឲ្យរន្ធត់បំផុត។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ជាង៤ទៀបភ្លឺ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខវត្តជម្ពូវ័ន ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ ម៉ូតូមួយគ្រឿងម៉ាក MSX បើកបរដោយបុរសម្នាក់ និងស្ដី្រម្នាក់ ក្នុងល្បឿនលឿន នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ពេលមកដ៏ចំណុចកើតហេតុ ក៏បានបុកជាមួយឃឿន ពុះចែកទ្រូងផ្លូវ ដែលធ្វើឲ្យពួកគេហោះផ្លោង មកកណ្ដាលផ្លូវ ភ្លាមនោះដែរក៏មានរថយន្តកុងទីន័រ បើកកិនជនរងគ្រោះទំាងពីរ ចេញខួរស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងយកវត្ថុតាងទាំងអស់ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕
ចំណែកសពត្រូវបានប្រគល់ ទៅឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕