(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំព្រឹត្តិការណ៍ឥណ្ឌា (Festival of India) នៅកម្ពុជា ដែលមានកម្មវិធីសម្ដែងសិល្បៈ Ramayana (រាម កេរិ៍ត) ដោយក្រុមសិល្បករ សិល្បការិនីឥណ្ឌា Kalakshetra Foundation ចំនួន៤៥រូប មកពីខេត្ត Chennai ក្នុងគោលបំណងរំលឹកខួបទី២៥ ដៃគូសន្ទាឥណ្ឌា-អាស៊ាន ដើម្បីរឹតចំណងមិត្តភាពកិច្ចសហប្រត្តិបត្តិការណ៍លើវិស័យទេសចរណ៍ និងវប្បធម៍ រវាងកម្ពុជា និងឥណ្ឌាឲ្យកាន់តែរឹងមុំាបន្ថែមទៀត ពិសេសកម្ពុជា និងឥណ្ឌាជាប្រទេសដែលមានទំនាក់ទំនងផ្នែកវប្បធម៌ សាសនា និងប្រវត្តិសាស្រ្តដ៏យូរលុងមកហើយ។
ការសម្ដែងសិល្បៈរបស់ឥណ្ឌា នឹងប្រព្រឹត្តទៅនៅរាជធានី ខេត្តចំនួន០៣ ក្នុងនេះ រាជធានីភ្នំពេញ នៅថ្ងៃទី១០-១១-១២ ខែមករា ឆ្នាំ២០១៧ នៅសាលសន្និសីទចតុមុខ សម្តែងនៅខេត្តសៀមរាបអង្គរ ថ្ងៃទី១៤ និង១៥ ខែមករា ឆ្នាំ២០១៧ នាប្រាសាទបាយ័ន និងចុងក្រោយនៅខេត្តបាត់ដំបង ដែលនឹងចាប់ផ្តើមនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Naveen SRVIASTAVA អគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីសម្ដែង នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នាប្រាសាទបាយ័ន ខេត្តសៀមរាប។
សូមជំរាបថា នៅឆ្នាំ២០១៥ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបចំនួន ៤.៨លាននាក់ ក្នុងនោះទេសចរឥណ្ឌា មកទស្សនាកម្ពុជា មានចំនួន៣៦,៦៧១នាក់ កើនឡើងចំនួន២៨.៥% ធៀបនឹងឆ្នាំ២០១៤។
ទេសចរឥណ្ឌា ចេញក្រៅប្រទេសសរុបក្នុងឆ្នាំ ២០១៥ មានចំនួន ២០លាននាក់ ក្នុងនេះតំបន់អាស៊ានទទួលបានទេសចរឥណ្ឌាចំនួនត្រឹម ប្រមាណជាង ៣លាននាក់ប៉ុណ្ណោះ ហើយប្រទេសសឹង្ហបុរី និងប្រទេសថៃ ទទួលបានទេសចរឥណ្ឌាច្រើនជាងគេ ។
អង្គការទេសចរណ៍ពិភពលោក UNWTO បានគិតទុកថា នៅឆ្នាំ២០២០ ឥណ្ឌានឹងមានទេសចរចេញក្រៅប្រទេសប្រមាណ ៥០លាននាក់ ក្នុងនេះ កម្ពុជាបានដាក់ចេញនូវគោលដៅ យកទេសចរឥណ្ឌាឲ្យបាន ប្រមាណ១០ម៉ឺននាក់ផងដែរ។ សម្រាប់ឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណ ៥លាននាក់ កើនឡើង៥% ដោយក្នុងនោះកម្ពុជា ទទួលបានទេសចរឥណ្ឌាប្រមាណ ៤៥០០០នាក់ កើន២៥%។
សញ្ញានៃការកើនឡើងរបស់ទេសចរឥណ្ឌានេះ សរបញ្ជាក់ថា ឥណ្ឌាគឺជាទីផ្សារដ៏មានសក្ដានុពលសម្រាប់កម្ពុជា ហើយតាមរយះព្រឹត្តិការណ៍សម្តែងសិល្បៈនេះ និងសកម្មភាពផ្សព្វផ្សាយទេសចរណ៍នានាកន្លងមកបានជំរុញឲ្យមានកំណើនទេសចរណ៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ ដូច្នេះយើងត្រូវ ខិតខំបន្តធ្វើសកម្មភាពផ្សព្វផ្សាយឲ្យបានច្រើនថែមទៀតទៅកាន់ទីផ្សារឥណ្ឌា ពិសេសត្រូវខិតខំជំរុញ ការតភ្ជាប់ជើងហោះហើរត្រង់ Direct Flight ពីប្រទេសឥណ្ឌាមកកម្ពុជា និងកម្ពុជាទៅកាន់ឥណ្ឌា៕