(ភ្នំពេញ)៖ លោក អ៊ាង ស៊ីផាន ប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ និងជា ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា (CPP) ចុះជួយសង្កាត់វាលស្បូវ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមក្នុងពិធីសន្និបាត គណបក្សសង្កាត់វាលស្បូវ អាណត្តិទី៣ (២០១២-២០១៧) និងទិសដៅភារកិច្ច សម្រាប់អនុវត្តន៍បន្តក្នុងអាណត្តិទី៤(២០១៧-២០២២) ។
ក្នុងសន្និបាតនេះ ក៏មានការចូលរួមលោក លោកស្រី សមាជិកគណ:កម្មាធិការគណបក្សសង្កាត់ សាខាបក្សភូមិ ប្រធានក្រុមបក្ស យុវជន ព្រមទាំងមេគ្រួសារបក្ស សរុបជាង១០០០នាក់ ។
ក្នុងឱកាសនោះ លោក អ៊ាង ស៊ីផាន បានណែនាំ និងជំរុញឲ្យ អស់លោក លោកស្រី ដែលជាប្រធានក្រុមបក្ស និងប្រធានអនុប្រធានបក្សសង្កាត់ ដែលបានចូលរួមនៅថ្ងៃនេះ ត្រូវខិតខំអនុវត្តកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ឲ្យបានស៊ីជម្រៅបន្ថែមទៀត និងត្រូវដោះស្រាយកង្វល់ របស់ពលរដ្ឋឲ្យបានល្អប្រសើរ តាមរយៈការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ធ្វើយ៉ាងណាកុំឲ្យមានការថ្នាំងថ្នាក់ និងចាំបាច់ត្រូវដោះស្រាយរាល់សំណូមពរ និងសំណើ របស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ។
លោកបានបន្តថា ជាពិសេសសមាជិកបក្សទាំងអស់ ត្រូវធ្វើគំរូល្អ អំពើល្អដល់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ដោយផ្អែកលើកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រ ចតុកោណ របស់រាជរដ្ឋាភិបាល ផ្តោតទៅលើអភិបាលកិច្ចល្អ ដែលមានមុំ៤ ជាសំខាន់ នោះគឺ ប្រយុទ្ធប្រឆាំង និងអំពើពុករលួយកែទម្រង់ ប្រព័ន្ធយុត្តិធម៌ កែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈ និងកែទម្រង់ប្រព័ន្ធកងកម្លាំងប្រដាប់អាវុធឲ្យកានតែប្រសើរ ។ ជាមួយគ្នានោះដែរ លោក អ៊ាង ស៊ីផាន ក៏បានជំរុញឲ្យសមាជិកបក្សទាំងអស់ ត្រូវកៀងគរសមាជិកថ្មី ដែលគេចង់មករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា បន្ថែមទៀត ដើម្បីបង្កើនប្រៀបឈ្នះនៅពេលបោះឆ្នោត ជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តិទៅនៅឆ្នាំ២០១៧ ខាងមុខនេះផងដែរ ។
ទន្ទឹមនឹងនេះ សមាជិកសមាជិកាបក្ស របស់យើងបានតាមដាន និងចូលរួមមានមតិលើ កម្មវិធីនយោបាយរបស់គណបក្សសង្កាត់ ក្នុថការអភិវឌ្ឍន៍មូលដ្ឋានរយៈពេល ៥ឆ្នាំ (២០១៧~២០២២) ដែលសមស្រប និងលទ្ឋភាព ជាក់ស្តែងរបស់មូលដ្ឋានយើង សំដៅទាក់ទាញការគាំទ្រ និងការចូលរួមពីប្រជាជន ។
ការបោះឆ្នោតស្ទាបស្ទង់ពីសំណាក់មន្ត្រីគណបក្សសង្កាត់ ដើម្បីរៀបចំ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាអាណត្តិទី៤ ក៏បានប្រព្រឹត្តទៅ ក្នុងលក្ខណៈប្រជាធិបតេយ្យទូលំទូលាយ ។ ក្នុងនោះលោក អ៊ាង ស៊ីផាន ក៏សូមអបអរសាទរចំពោះបេក្ខភាព ដែលសមាជិកសមាជិកា បានបោះឆ្នោះផ្តល់ ទំនុកចិត្ត ក្នុងការដឹកនាំអភិវឌ្ឍន៍មូលដ្ឋានបន្តទៀត ៕