(បន្ទាយមានជ័យ)៖ ស្ត្រីមេម៉ាយកូនមួយម្នាក់ ដែលមានមុខរបបលក់ចាប់អីវ៉ាន់ចាប់ហួយ និងគ្រូទាយស្លឹកបៀនៅខេត្តបន្ទាយមាន័យ ត្រូវប្រុសស្នេហ៍ល្បួងយកដេកផ្ទះសំណាក់ ហើយសម្លាប់យកម៉ូតូនិងទ្រព្យសម្បត្តិ។ នេះបើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច។
សាកសពស្រ្តីរងគ្រោះខាងលើនេះ ត្រូវបានគេប្រទះឃើញ និងផ្អើលឆរឡោ នៅវេលាម៉ោង១២៖០០ថ្ងៃត្រង់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ នៅក្នុងផ្ទះសំណាក់ម៉ារីមានជ័យ ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្តកិច្ចជំនាញនៅកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់នោះមានឈ្មោះ ប៊ុន សូរៀត ហៅ ប៉ក់ អាយុ៤០ឆ្នាំ ជាស្រីមេម៉ាយកូនមួយ រស់នៅភូមិកន្ទួត សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។
សមត្តកិច្ចបានបញ្ជាក់ថា ក្រោយពេលទទួលដំណឹងថាមានស្រ្តីម្នាក់ត្ រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់យីម៉ារីមានជ័យ បន្ទប់លេខ២ហើយ សមត្តកិច្ចជំនាញចុះទៅពិនិត្យឃើញថា ស្ត្រីរងគ្រោះត្រូវបានឃាតករសម្លាប់ដោយច្របាច់ករ ហើយយកខ្នើយខ្ទប់ច្រមុះស្លាប់លើពូក នៅលើគ្រែ។
តាមសំដីអ្នកបំរើក្នុងផ្ទះសំណាក់បានបញ្ជាក់ថា ស្ត្រីរងគ្រោះដែលស្លាប់នោះ បានចូលសំណាក់ជាមួយប្រុសម្នាក់នៅអំឡុងម៉ោង៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅអំឡុងម៉ោង៩យប់ថ្ងៃដដែលបុរស់នោះបានយកម៉ូតូជិះចេញទៅវិញ។
អ្នកបម្រើនិយាយថា រហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ដល់ម៉ោងកំណត់ត្រូវចេញនិងបោះសំអាតបន្ទប់ ហើយគោះទ្វារបន្ទប់ជាច្រើនដងមិនឃើញឆ្លើយតប។ ដោយមានការសង្ស័យ ពួកគេក៏គាស់ទ្វារបន្ទប់ ទើបឃើញស្ត្រីបានដេកស្លាប់នៅលើគ្រែតែម្តង។
បើតាមការសន្និដ្ឋានសមត្តកិច្ចជំនាញ គឺស្ត្រីរងគ្រោះ ស្លាប់ដោយឃាតកម្មគ្រោងទុកសម្លាប់ ដោយសារតែសង្សានាំមកសំលាប់បានយកម៉ូតូ១គ្រឿងម៉ាក់ហុងដារឌ្រីម ដែលមានស្លាក់លេខបន្ទាយមានជ័យ 1J-6256 និងយកទ្រព្យសម្បត្តិនឹងខ្លួន បានហើយគេចខ្លួនបាត់។
ក្រោយពេលដែលពិនិត្យស្ត្រីរងគ្រោះដែលស្លាប់និងសក្សីសាច់ញាតិផ្តល់ព័ត៌មានគឺកម្លាំងបានទទួលមុខសញ្ញាបានខ្លះហើយ ដោយកំពុងស្រាវជ្រាវរកចាប់ខ្លួន៕