(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់នាយទាហានថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះនាយទាហានដែលបានចូលបម្រើកងទ័ព នៅឆ្នាំ១៩៧៩ និងឆ្នាំ១៩៧៩ចុះ ដោយមិនបានទុកពួកគាត់ចោលនោះទេ ជាក់ស្តែងដូចការបំពាក់ឋានន្តរស័ក្តិ នាពេលនេះជាដើម។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងយ៉ាងជឿជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ជូននាយទាហានដែលបានចូលបម្រើកងទ័ព នៅក្នុងឆ្នាំ១៩៧៩ និងឆ្នាំ១៩៧៩ចុះ នៅភូមិភាគ៤ នាទីរួមខេត្តសៀមរាប និងកងពលធំអន្តរាគមន៍លេខ៤ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក បានថ្លែងនូវប្រសាសន៍សំខាន់មួយចំនួន រួមមាន៖ ១- ការបំពាក់ឋានន្តរស័ក្តិ ការដំឡើងមុខតំណែង ជូននាយទាហានដែលបានចូលបម្រើកងទ័ព នៅក្នុងឆ្នាំ១៩៧៩ និងមុនឆ្នាំ១៩៧៩ «គឺជាគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការដឹងគុណ និងជាការលើកទឹកចិត្ត ចំពោះការបំពេញភារកិច្ច បម្រើជាតិមាតុភូមិ ដែលបានចូលរួមស្វែងរកសន្តិភាព ជូនប្រទេសជាតិ និងប្រជាជន ឱ្យរស់នៅក្នុងភាពសុខសាន្ត រហូតដល់សព្វថ្ងៃនេះ»។
២- «គោលនយោបាយលើកទឹកចិត្ត កងកម្លាំងប្រដាប់អាវុធ មានតាំងពីយូរមកហើយ មិនមែនមានតែពេលនេះទេ» គឺបានអនុវត្តជាប់ជាប្រចាំ តាមរយៈការដំឡើងឋានន្តរស័ក្តិ ការផ្តល់តួនាទីភារកិច្ច ផ្អែកលើអតីតភាពការងារ និងលក្ខណៈសម្បត្តិផ្សេងទៀត សំដៅលើកតម្កើនកិត្តិយស និងលើកស្ទួយកម្រិតជីវភាព ជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាល។
៣- គោលនយោបាយប្រៀបបាននឹងការសាងសង់ផ្ទះមួយ ដែលយើងមិនអាចសាងសង់ជញ្ជាំង ទ្វារ បង្អួច ក្នុងពេលតែមួយជាមួយនឹងការបុកគ្រឹះនោះទេ។ «រដ្ឋាភិបាលមិនបានទុកនាយទាហាន ដែលបានចូលបម្រើកងទ័ព នៅក្នុងឆ្នាំ១៩៧៩ និងឆ្នាំ១៩៧៩ ចុះ ចោលនោះទេ»។ ជាក់ស្តែង រៀបចំការបំពាក់ឋានន្តរស័ក្តិ នាពេលនេះ គឺគ្រាន់តែជាផ្នែកមួយគោលនយោបាយរដ្ឋាភិបាល ដែលមានជាយូមកហើយ និងខិតខំអនុវត្តបន្តបន្ទាប់។
៤- យើងមិនអាចបំពាក់ឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ចំនួន ៧០០នាក់ ក្នុងពេលតែមួយបានទេ គឺយើងធ្វើតាមដំណាក់កាល ហើយនេះគឺជាដំណាក់កាលទី១ នៃការជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន ដែលចូលបម្រើកងទ័ព ក្នុងឆ្នាំ១៩៧៩ និងឆ្នាំ១៩៧៩ចុះ ហើយដំណាក់កាលទី២ នឹងធ្វើឡើងបន្តទៀត នៅថ្ងៃខាងមុខ។
មិនត្រឹមតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ហេតុអីបានជាយើងកំណត់ការបំពាក់ បំពាក់ឋានន្តរស័ក្តិ ជូនដល់នាយទាហាន ដែលបានចូលបម្រើកងទ័ព នៅក្នុងឆ្នាំ១៩៧៩ និងឆ្នាំ១៩៧៩ចុះ? ពីព្រោះយើងកំណត់ឆ្នាំ១៩៨៩ គឺជាឆ្នាំប្រវត្តិសាស្រ្ត និងជាពេលវេលាដ៏លំបាក នៃការរំដោះប្រទេសជាតិ ចេញរបបប្រល័យពូជសាសន៍ ហើយស្វែងរកសុខសន្តិភាព រហូតដល់សព្វថ្ងៃនេះ»៕