(ត្បូងឃ្មុំ)៖ លោក កែវ ពិសិដ្ឋ អ្នកតំណាងរាស្រ្តខេត្តកំពង់ចាម និងជាប្រធានក្រុមការងារ ចុះជួយឃុំពពេល បានចែករទេះរុញ ជូនដល់ជនពិការ ដែលកំពុងរស់នៅជួបការលំបាក ក្នុងមូលដ្ឋានឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ។
លោក កែវ ពិសិដ្ឋ បានឲ្យដឹងថា ដោយមើលឃើញពីការលំបាក របស់បងប្អូនជនពិការក៏ដូចជាអាណាព្យាបាលដែល កំពុងចិញ្ចឹមបីបាច់កូនចៅពិការភាពរស់នៅក្នុងបន្ទុក លោកបានស្វះស្វែងរកអង្គការដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធនឹង វិស័យពិការភាព ក្នុងការជួយដល់ជនពិការក្រីក្រ ដើម្បីជួយសម្រាលការលំបាកខ្លះជូនក្រុមគ្រួសារ និងសាមីខ្លួន។
ជាក់ស្តែងពេលនេះ ក្រោមកិច្ចសហការជាមួយអង្គការសាមគ្គីដើម្បីសាមគ្គី និងអង្គការកសិករកាណានកម្ពុជារបស់ប្រទេសកូរ៉េ នៅកម្ពុជា បាននាំយកនូវរទេះរុញសម្រាប់ជនពិការ កុមារពិការ និងកុមារពិការខ្សោយសតិបញ្ញាចំនួន១៨គ្រឿង ក្នុងមូលដ្ឋាននេះផងដែរ។
លោកបានបន្ថែមថា ក្រោយពីមានការចែកជូននូវអំណោយនេះ យើងសង្កេតឃើញ បងប្អូនជនពិការ និងក្រុមគ្រួសារ មានភាពសប្បាយរីករាយ ក្រៃលែង ដែលនេះបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះជនពិការគ្រប់ប្រភេទដោយមិនទុកឲ្យពួកគាត់រស់នៅ ឯកាឡើយ។
លោក កែវ ពិសិដ្ឋ អ្នកតំណាងរាស្រ្តខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ ជាពិសេស លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូការពារ និងលើកកម្ពស់សិទ្ធិជនពិការ ជួយដល់បងប្អូនជនពិការនាពេលកន្លងមក នៅមូលដ្ឋាននេះ ក៏ដូចជាមូលដ្ឋានដ៏ទៃទៀតដែរ ។
ការចែកជូននាពេលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ឆ្នាំ ២០១៤-២០១៨ ដោយបានចែងយ៉ាងច្បាស់អំពីការផ្តល់ជូនជនពិការ នូវសេវាសុខភាពប្រកបដោយគុណភាព និងសមត្ថភាព ព្រមទាំងស្តារលទ្ធភាពពលកម្ម កាយសម្បទា និងសតិបញ្ញា។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្រ្តបង្កើនការជួយបណ្តុះបណ្តាលគ្រួសារ ដែលមាន សមាជិកពិការ ជនពិការ និងអ្នកស្ម័គ្រចិត្តអំពីវិធីថែទាំនិងបច្ចេកទេសស្តារលទ្ធភាពពលកម្ម តាមប្រភេទពិការនីមួយៗ ដើម្បីឲ្យគ្រួសារដែលមានសមាជិកជនពិការមានលទ្ធភាពស្តារកាយសម្បទា និងសតិបញ្ញាជនពិការ៕