(បាត់ដំបង)៖ ប្រធានក្រុមការងារចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង លោក ឡោក ហួរ, លោក កុល វិរក្ស អុនប្រធានក្រុមការងារចុះជួយស្រុកសង្កែ និងលោក រុន រ័ត្នវាសនា ប្រធានក្រុមការងារចុះឃុំអន្លង់វិល ឃុំអូរដំបង១ និងឃុំរការ ស្រុកសង្កែ ព្រមទាំងសហការី នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ សន្និបាតបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការគណបក្ស ឃុំអូរដំបង១ ដែលមានការចូលរួមពី សមាជិកសមាជិការបក្ស មកពីបណ្តាភូមិទាំងអស់ក្នុងឃុំអន្លង់វិល ចំនួន៧៦៧នាក់។
សន្និបាតបក្សនេះ រៀបចំឡើងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់គណបក្ស សម្រាប់អភិវឌ្ឍន៍ឃុំ រយៈពេល៥ ឆ្នាំ (ឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧) និងលើកទិសដៅភារកិច្ច ដាក់ចេញនូវកម្មវិធីនយោបាយរបស់គណៈកម្មាធិការគណបក្សឃុំ សម្រាប់អភិវឌ្ឍន៍ ពីឆ្នាំ២០១៧-២០២២ និងដំណើរការបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីធ្វើការជ្រើសរើសបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។
លោក ឡោក ហួរ បានលើកឡើងថា ដើម្បីធានាបាននូវភាពរលូន និងរបៀបរៀបរយនៃដំណើរការសន្និបាតគណៈកម្មាធិការគណបក្សឃុំ សូមឲ្យសមាជិក-សមាជិកាទាំងអស់ អនុវត្តឲ្យបានត្រឹមត្រូវ តាមកម្មវិធី និងសេចក្តីប្រកាសផ្សេងៗរបស់អង្គសន្និបាត ហើយតាមដានស្តាប់របាយការណ៍ និងមុនពេលអនុម័តបញ្ហាផ្សេងៗ សូមយកចិត្តទុកដាក់អោយមានសាមគ្គីភាពផ្ទៃក្នុង អនុវត្តឲ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព៕