(ភ្នំពេញ)៖ ​តំណាងគណបក្សសង្គ្រោះជាតិបានបរាជ័យ​ក្នុងការប្ដឹង​ប្រជាពលរដ្ឋ​១០៤នាក់ថា ជាជនបរទេស ដើម្បីឱ្យគ.ជ.ប លុបឈ្មោះ​ចេញពីបញ្ជី​បោះឆ្នោតដំបូង ខណៈ​តំណាងប្រជាពល​រដ្ឋទាំង១០៤នាក់​ទៀតថា ត្រូវតែរក្សាទុក​​ឲ្យនៅដដែលព្រោះ​​ប្រជាពលរដ្ឋ​ទាំង​នោះមានឯកសារ​គ្រប់​គ្រាន់​​តាមផ្លូវច្បាប់ និងអាច​ចូលរួម​បោះ​ឆ្នោតបាន​នៅពេល​ខាងមុខ ។​

ការបរាជ័យរបស់ CNRP ក្នុងការប្ដឹង​ចោទប្រជាពលរដ្ឋ​ទាំង១០៤នាក់ ថាជាជនបរទេស ដើម្បីលុប​ឈ្មោះ​ចេញ​ពីបញ្ជី​បោះឆ្នោត​ដំបូង​នេះដែរ បានធ្វើក្នុង​សវនាការ​ក្ដីមួយ នាព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅទីស្នាក់ការ​សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ រវាងលោក លីន ញ៉ក់ និងលោក សន សោភ័ណ្ឌ តំណាង​ប្រជាពល​រដ្ឋ​ទាំង​១០៤នាក់ និងតំណាង​គណបក្សសង្គ្រោះ​ជាតិ មានលោក ម៉ាន់ ដូឡា និង លោក ជុំ សុខា សមាជិកក្រុម​ប្រឹក្សាបក្ស​ខណ្ឌឫស្សីកែវ ព្រមទាំងដំណើរ​ការ​នៃសាវ​ការ​ជំនំជម្រះ​ក្ដីមាន លោក ហ៊ូ សាម៉ន ប្រធានក្រុមប្រឹក្សា​សង្កាត់ និងលោក លោកស្រី ជាសមាជិក សមាជិកាក្រុម​ប្រឹក្សាសង្កាត់ ជាច្រើននាក់ផងដែរ ។

ក្នុងសវនាការក្ដីនេះ លោក ជុំ សុខា តំណាង​គណបក្ស​សង្រ្គោះជាតិ បានលើកឡើងថា មានប្រជាពលរដ្ឋ​ចំ​នួន១០៤នាក់ ដែលមាន​ឈ្មោះក្នុងបញ្ជីបោះ​ឆ្នោតទាំង៨​ការិយា​ល័យ របស់សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ត្រូវបានអ្នកសង្កេត​ឃើញថា ជាជនបរទេស និងស្នើឲ្យ​ប្រធានក្រុមប្រឹក្សា សង្កាត់ ជួយលុប​ឈ្មោះអ្នក​ទាំង​នោះ​ចោលចេញ​ពីបញ្ជីបោះឆ្នោតដំបូង ដោយមិនអនុញាត្តិឲ្យបោះឆ្នោតបានឡើយ ។ ជាមួយគ្នានោះ លោក ម៉ាន់ ដូឡា តំណាង​គណបក្ស​សង្គ្រោះជាតិមួយរូបទៀត បានលើកថា មូលហេតុ​​ដែលស្នើឲ្យលុប​ឈ្មោះប្រជាពលរដ្ឋទាំង​១០៤នាក់ ចេញពីបញ្ជីបោះ ឆ្នោតដំបូងនេះ ដោយសារតែពលរដ្ឋទាំងនោះ គឺជាជនបរ​ទេស តាមរយៈការតាមដាន ក្នុងការជជែក​​គ្នាតាមគ្រួសារ  បានប្រើភាសាបរទេស ហើយនិងគ្មានឡាយ​ព្រហស្ថ​លេខាទទួលស្គាល់ពីព្រះមហាក្សត្រ ។

ពាក់ព័ន្ធ​តំណាងគណបក្សសង្គ្រោះជាតិ បានប្ដឹងចោទ​ទៅលើ​ប្រជាពល​រដ្ឋទាំង១០៤នាក់ថា ជាជនបរទេស ដើម្បីលុប​ឈ្មោះចេញពីបញ្ជីបោះ​ឆ្នោតដំបូង​នេះដែរ លោក សន សោភ័ណ្ឌ ដែលជាចុង​ចម្លើយតំណាង​ប្រជាពលរដ្ឋទាំង​១០៤នាក់ បានលើកឡើងថា ដោយពឹងផ្អែក​ និងយោងតា មមាត្រាទី១២៖ គណកម្មាធិការ​​ជាតិរៀប​ចំការបោះ​ឆ្នោត ត្រូវធានាឲ្យ​មានបញ្ជីបោះឆ្នោត​សម្រាប់ការិយាល័យ​បោះឆ្នោតនីមួយៗ ដែលបាន​បង្កើតឡើង​តាមបទប្បញ្ញត្តិ​ដូចមានចែង​ក្នុងមាត្រា២២ និងមាត្រា២៣​នៃច្បាប់នេះ ។ លោកបន្តថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋ​ត្រូវមានឈ្មោះក្នុងប​ញ្ជីបោះឆ្នោតនិង​មានអត្តសញ្ញាណ​បណ្ណ​សញ្ជាត្តិខ្មែរ ។

លោកបន្តទៀតថា ១-មានសញ្ជាត្តិខ្មែរ ២-មានអាយុ១៨​ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះ​ឆ្នោត ៣-មានលំនៅដ្ឋាន ឫទីសំណាក់​ក្នុងឃុំ សង្កាត់ដែល​សាម៉ីខ្លួន​ត្រូវបោះឆ្នោត ៤-មិនត្រូវស្ថិតក្នុងស្ថានភាព​ជាប់ព័ន្ធនាគារ ឫមិនត្រូវបានដកសិទ្ធិ​បោះឆ្នោត ៥-ពុំមែនជាជនវិក​លចរិត ឬស្ថិតក្រោមអាណាព្យាបាល​ទូទៅដោយមានលិខិត​បញ្ជាក់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ។ បែបបទនិតិវិធីនៃការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីឈ្មោះបោះឆ្នោត ដូចមានចែងក្នុងច្បាប់ ស្ដីពីការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ត្រូវបានយកមកអនុវត្ត ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុ ងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លើកលែងតែមាត្រា៤៧ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។ បន្ថែមពីនេះ លីន ញ៉ក់ ជាចុងចម្លើយ​តំណាងប្រជាពល​រដ្ឋទាំង១០៤​នាក់ ក៏បានលើកឡើង​ផងដែរថា លោកមិនបាន​ការពារជនបរទេសទេ តែលោក​ការពារខ្មែរ ដែលត្រូវគេចោទ​ប្រកាន់​ថា ជាជនបរទេស​ទៅវិញ ។

ទោះបីយ៉ាងណា សវនាការ រវាងតំណាង​ប្រជាពលរដ្ឋ និងតំណាងគណបក្ស​សង្គ្រោះជាតិ ត្រូវបាន​លោក ហ៊ូ សាម៉ន ប្រធានក្រុមប្រឹក្សា​សង្កាត់​ជំនំជម្រះក្ដី ច្រានចោល​ការប្តឹង​ជំទាស់​របស់ CNRP ហើយសម្រេច​អនុម័ត​ចំនួន០៧សំឡង លើ០៩សំឡេង​ ដោ​យសម្រេច​រក្សាទុកប្រជាពលរដ្ឋ​ទាំង១០៤នាក់ ដែលមាន​ឈ្មោះក្នុង​បញ្ជីបោះ​ឆ្នោត​រួចហើយ​ឲ្យនៅដដែល និងមានសិទ្ធិ​ក្នុងការចូលរួមបោះ​ឆ្នោតគ្រប់ៗ​គ្នាបាននៅ​ពេលខាងមុខ​ដូចប្រជាពលរដ្ឋដទៃ​ទៀតផងដែរ ៕


(លោក ម៉ាន់ ដូឡា និង លោក ជុំ សុខា សមាជិកក្រុមប្រឹក្សាបក្សសង្គ្រោះជាតិ ខណ្ឌឫស្សីកែវ)