(ព្រៃវែង)៖ លោកឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ អនុប្រធានគណៈពង្រឹងគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស្វាយអន្ទរ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការ គណបក្សឃុំដំរីពួន ស្ថិតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានការចូលរួម ពីសមាជិកសមាជិការបក្ស មកពីបណ្តាភូមិទាំងអស់ ក្នុងឃុំដំរីពូន ចំនួន៦៩៦នាក់។
ក្នុងឱកាសនោះ លោក សៀង សេន បានធ្វើជាគណៈអធិបតីដឹកនាំ អង្គសន្និបាត ដើម្បីពិនិត្យ និងវាយតម្លៃសកម្មភាពការងារ រួមទាំងដាក់ចេញនូវទិសដៅបន្ត។
សន្និបាតបក្សនេះ រៀបចំឡើងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល នៃការអនុវត្តគោលនយោបាយ របស់គណបក្ស សម្រាប់អភិវឌ្ឍន៍ឃុំ រយៈពេល៥ឆ្នាំ (ឆ្នាំ២០១២ ដល់ឆ្នាំ២០១៧) និងលើកទិសដៅភារកិច្ចដាក់ចេញនូវកម្មវិធីនយោបាយ របស់គណៈកម្មាធិការគណបក្សឃុំ សម្រាប់អភិវឌ្ឍន៍ពីឆ្នាំ២០១៧-២០២២ និងដំណើរការបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីធ្វើការជ្រើសរើសបេក្ខជន ដែលត្រូវឈរឈ្មោះ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។
គណៈអធិបតីបានលើកឡើងថា ដើម្បីធានាបាននូវភាពរលូន និងរបៀបរៀបរយ នៃដំណើរការសន្និបាត គណៈកម្មាធិការគណបក្ស ឃុំសូមឲ្យសមាជិក-សមាជិកាទាំងអស់ អនុវត្តឲ្យបានត្រឹមត្រូវ តាមកម្មវិធី និងសេចក្តីប្រកាសផ្សេងៗរបស់អង្គសន្និបាត ហើយតាមដាន ស្តាប់របាយការណ៍ និងមុនពេលអនុម័តបញ្ហាផ្សេងៗ សូមយកចិត្តទុកដាក់ឲ្យមាន សាមគ្គីភាពផ្ទៃក្នុង អនុវត្តឲ្យបានត្រឹមត្រូវ ប្រកបដោយ ប្រសិទ្ធភាព គុណភាព និងតម្លាភាព៕