(ក្រចេះ)៖ រថយន្ដសាំងយ៉ុងដឹកឈើជាច្រើនគ្រឿងរបស់ក្រុមឈ្មួញឈ្មោះ «ឆយ» ដែលតែងតែបើកបរបង្កភាពភ័យខ្លាច ដល់ពលរដ្ឋធ្វើដំណើរតាមដងផ្លូវដូចគ្នានោះ បានបើកគៀរថយន្ដនគរបាលចតនៅចិញ្ចើមផ្លូវ និងគុបរថយន្ដអ្នកកាសែត ព្រមទាំងដេញវាយអ្នកកាសែត ដែលពួកគាត់តាមប្រមាញ់រូបភាព។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ៧៣ ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ។
ប្រភពបានឲ្យដឹងថា ក្រុមឈ្មួញទាំងនោះដឹកឈើចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ យកទៅលក់បន្ដនៅខេត្តព្រែវែង ហើយឈ្មួញឈើជើងខ្លាំងរូបនោះឈ្មោះ «ឆយ» មកពីខេត្តព្រៃវែងធ្វើសកម្មភាពដឹកជញ្ជូនឈើជារៀងរាល់យប់ មិនដែលញញើតសមត្ថកិច្ចឡើយ ហើយសមត្ថកិច្ចក៏មិនដែលបង្រ្គាបរថយន្ដលោកឆយ ម្ដងណាឡើយ។
ប្រភពដដែលបានបញ្ជាក់ទៀតថា នៅវេលាម៉ោងជាង១រំលងអាធ្រាត្រ ឡានដឹកឈើរបស់ជើងខ្លាំង «ឆយ» ចំនួន៥គ្រឿង បានបើកយ៉ាងលឿន ហើយគៀរថយន្ដនគរបាល ចតនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យខូចទ្វារថយន្ដនគរបាលនោះមួយចំហៀង ស្របពេលហេតុការបែបនេះ ក្រុមអ្នកសារព័ត៌មានបានបើកឡានតាមប្រមាញ់រូបភាពពីក្រោយ ព្រមរាយការណ៍ជូនសមត្ថកិច្ចឲ្យស្ទាក់នៅស្រុកឆ្លូង តែទៅបានពាក់កណ្ដាលផ្លូវត្រូវក្រុមឈ្មួញឈើជើងខ្លាំង និងបក្ខពួកបានឈប់រថយន្ដទាញកាំបិតផ្គាក និងដំបងគប់មកលើរថយន្ដអ្នកកាសែត បណ្ដាលឲ្យខូចខាតយ៉ាងខ្លាំង។
ខណៈពេលនោះក្រុមអ្នកកាសែតគ្មានលទ្ធភាពក្នុងការតបត បានរត់ត្រឡប់ក្រោយវិញ ដោយក្រុមឈ្មួញទាំងនោះបានបន្ដដំណើរទៅមុខទៀត ហើយបន្ដបុកបារ៉ាស់របស់យោធាស្រុកឆ្លូង រត់គេចខ្លួនទៅបាត់ស្រមោល៕