លោក ម៉ក់ ពេជ្ជរិទ្ធ ចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងរៀបចំការបោះឆ្នោតស្ទាបស្ទង់មតិ នៅឃុំភូមិធំ ស្រុកកៀនស្វាយ
14-01-2017 14:46
(កណ្ដាល)៖ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រធានគណៈពង្រឹងចុះជួយឃុំដីឥដ្ឋ ឃុំភូមិធំ និងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ ចូលរួមជាអធិបតី សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ របស់គណបក្សប្រជាជនកម្ពុជានៅឃុំភូមិធំ។
នៅក្នុងសន្និបាតនេះដែរ ក៏មានរៀបចំនូវការបោះឆ្នោតស្ទាបស្ទង់មតិ សមាសភាពក្រុមប្រឹក្សាឃុំ សម្រាប់ឲ្យដឹង ពីបេក្ខភាពដែលត្រូវទៅចូលរួមប្រកួតប្រជែង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
លោក ម៉ក់ ពេជ្ជរិទ្ធ បានលើកឡើងថា «ជាធម្មតាទេយើងត្រូវរកបេក្ខភាពណា ដែលខ្លាំង និងបេក្ខភាពដែលប្រជាពលរដ្ឋពេញចិត្ត ចូលចិត្ត និងស្រឡាញ់ ហើយការជ្រើសរើសនេះក្នុងលក្ខណៈតម្លាភាព និងយុត្តិធម៌»។ លោកបានបន្តថា «ការជ្រើសរើសនេះ គឺយើងធ្វើការស្ទាបស្ទង់ ដើម្បីយើងដឹងអំពីកម្លាំង នៅក្នុងភូមិធំរបស់យើង នូវបេក្ខភាពណាសម្រាប់យកទៅប្រកួតប្រជែង ហើយយើងទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតស្ទាបស្ទង់ ក៏យើងនឹងបានទទួលជោគជ័យ នៅថ្ងៃបោះឆ្នោតថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះដែរ»។
នៅក្នុងកម្មវិធីសន្និបាត បោះឆ្នោតស្ទងមតិសមាសភាពសមាជិកក្រុមប្រឹក្សាឃុំនេះដែរ លោកម៉ក់ ពេជ្ជរិទ្ធ ប្រធានក្រុមការងារចុះឃុំទាំងបី បានបញ្ជាក់បន្ថែមថា ហឹបដាក់សន្លឹកឆ្នោត និងយកទៅរក្សាទុក នៅបន្ទប់សម្ងាត់រួចហើយទើបបង្កើតគណៈកម្មាការត្រូវពិនិត្យសន្លឹកឆ្នោតដោយសុក្រិត្យ បើប្រជាពលរដ្ឋបោះឆ្នោតឲ្យលោក មួយបាន១០០សំឡេង លោក ខ បាន៩០ សំឡេង ស្រាប់តែលោក ក មិនជាប់ បែរទៅជាឲ្យលោក ខ ៩០សំឡេងជាប់ នេះទី១អយុត្តិធម៌ គ្មានតម្លាភាព។
ជាមួយគ្នានោះ លោកថា ដើម្បីឈានទៅដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនេះ ក្រុមការងារចុះជួយតាមមូលដ្ឋាន និងអាជ្ញាធរដែនដី ត្រូវធ្វើតែអំពើល្អជាមួយប្រជាពលរដ្ឋ ចាត់ទុកប្រជាពលរដ្ឋជាម្ចាស់ ហើយយើងជាអ្នកបំរើប្រជាពលរដ្ឋដោយពិតប្រាកដ និងដោះស្រាយសំណូមពរ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដូចជាប្រជាពលរដ្ឋចង់បានទឹកស្អាតប្រើប្រាស់ ចង់បានបណ្តាញ អគ្គិសនី ចង់បានផ្លូវ ចង់បានអណ្តូងទឹក ចង់បានបង្គន់អនាម័យ ចង់បានស័ង្កសីប្រក់ផ្ទះ ហេតុនេះត្រូវតែដោះ ស្រាយនូវរាល់ទុក្ខលំបាករបស់គាត់ នោះបានហៅថា អ្នកបម្រើរាស្រ្ត៕