(ពិភពលោក)៖ វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងឆ្នាំ២០១៧នេះ នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមករា ទីក្រុង Davos ប្រទេសស្វីស ក្រោមប្រធានបទ «ការឆ្លើយតប និងទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំ» ដែលក្នុងនោះ ក៏មានវត្តមានរបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
ខាងក្រោមនេះ ជាព័ត៌មានលម្អិតសំខាន់ៗ ពាក់ព័ន្ធនឹងវេទិកាអន្តរជាតិដ៏សំខាន់មួយនេះ៖
វេទិកាសេដ្ឋកិច្ចពិភពលោក ហៅកាត់ថា WEF ជាមូលនិធិមិនស្វែងរកប្រាក់ចំណូល ដែលមានមូលដ្ឋានក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវបានអាជ្ញាធរស្វីស ទទួលស្គាល់ថា ជាអង្គភាពអន្តរជាតិ។
បេសកកម្មវេទិកាសេដ្ឋកិច្ចពិភពលោក គឺប្តេជ្ញាជម្រុញវិស័យពាណិជ្ជកម្ម នយោបាយ និងរៀបចំរបៀបវារៈ នៃកិច្ចប្រជុំផ្តោតលើវិស័យឧស្សាហកម្មថ្នាក់តំបន់ និងពិភពលោក។
វេទិកានេះ ទទួលបានភាពល្បីល្បាញ តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំ ដែលតែងប្រព្រឹត្តទៅនៅចុងខែមករា ក្នុងទីក្រុង Davos ដែលជារមនីយដ្ឋានតំបន់ភ្នំដ៏ស្រស់ស្អាត នៅក្នុងប្រទេសស្វីស។ កិច្ចប្រជុំនេះ មានការចូលរួមពីមេដឹកនាំកំពូល ផ្នែកពាណិជ្ចកម្ម នយោបាយ បញ្ញាវ័ន្ត និងអ្នកសារព័ត៌មានប្រមាណ២,៥០០នាក់ ក្នុងរយៈពេល៤ថ្ងៃ ដោយកិច្ចពិភាក្សាភាគច្រើន ផ្តោតទៅលើបញ្ហាដែលពិភពលោក កំពុងប្រឈមមុខ។ ជាញឹកញាប់ទីតាំងនេះ ត្រូវបានប្រើប្រាស់ជាកន្លែង សម្រាប់រៀបចំកិច្ចប្រជុំនេះផ្ទាល់តែម្តង ហើយអ្នកចូលរួមបានហៅទីនោះថា A Davos Panel ឬ a Davos Man។
អង្គការនេះ ក៏មានការរៀបចំកិច្ចប្រជុំថ្នាក់តំបន់ប្រមាណពី៦ ទៅ៨ដងផងដែរក្នុងមួយឆ្នាំ ក្នុងតំបន់មួយចំនួនដូចជា អាមេរិកឡាទីន និងអាស៊ីបូព៌ា ព្រមទាំង បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំបន្ថែមផ្សេងទៀត ក្នុងប្រទេសចិន និងសហភាពអារ៉ាប់រួម។ មិនតែប៉ុណ្ណោះវេទិកាសេដ្ឋកិច្ចពិភពលោក ក៏បានធ្វើរបាយការណ៍ស្រាវជ្រាវ និងផ្សារភ្ជាប់សមាជិករបស់ខ្លួន ទៅក្នុងទិសដៅច្បាស់លាស់មួយ។
* ប្រវត្តិនៃការបង្កើតវេទិកាសេដ្ឋកិច្ចពិភពលោក៖
វេទិកានេះ ត្រូវបានលេចរូបរាងឡើងក្នុង១៩៧១ ក្រោមការផ្តួចផ្តើមគំនិតរបស់លោក Klaus Schwab ជាសាស្ត្រាចារ្យពាណិជ្ជកម្ម ប្រចាំនៅសកលវិទ្យាល័យហ្សឺណែវ ដែលមានកំណើតក្នុងប្រទេស អាឡឺម៉ង់។ វេទិកានេះ ដំបូងឡើយត្រូវបានដាក់ឈ្មោះថា «វេទិកាគ្រប់គ្រងអឺរ៉ុប»។ ក្នុងឆ្នាំ១៩៨៧វេទិកានេះ ត្រូវបានគេផ្លាស់ប្តូរឈ្មោះ ទៅជាវេទិកាសេដ្ឋកិច្ចពិភពលោក និងមានគោលដៅពង្រីក ទស្សនវិស័យរបស់ខ្លួន ដើម្បីឈានទៅរកការដោះស្រាយ ជម្លោះអន្តរជាតិ។
នារដូវក្តៅក្នុងឆ្នាំ១៩៧១ លោក Schwab បានធ្វើការអញ្ជើញ ប្រធានប្រតិបត្តិក្រុមហ៊ុននៅអឺរ៉ុប ខាងលិចចំនួន៤៤៤នាក់ ដើម្បីចូលរួមក្នុងវេទិកានេះ នៅមជ្ឈមណ្ឌលសភា Davos ក្រោមការឧបត្ថម្ភពីគណៈកម្មាធិការអឺរ៉ុប និងសមាគមឧស្សាហកម្មអឺរ៉ុប ដោយលោក Schwab មានបំណងចង់បង្ហាញ ដល់បណ្តាក្រុមហ៊ុននៅអឺរ៉ុប អំពីការអនុវត្តន៍របៀប នៃការគ្រប់គ្រប់ក្រុមហ៊ុនតាមបែបអាមេរិក។ បន្ទាប់មកលោកបានរកឃើញ WEF ក្នុងនាមជាអង្គការមិនស្វែង រកប្រាក់ចំណូល ដែលមានមូលដ្ឋាន ក្នុងទីក្រុងហ្សឺណែវ ព្រមទាំងបានទាក់ទាញថ្នាក់ដឹកនាំ ពាណិជ្ជកម្មអឺរ៉ុបជាច្រើនរូប ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ដែលតែងប្រព្រឹត្តទៅនៅខែមករា។
* ការគ្រប់គ្រង៖
វេទិកានេះមានស្នាក់នៅក្នុងក្រុង Cologny ប្រទេសស្វីស ទីក្រុងញ៉ូវយក រដ្ឋធានីប៉េកាំង និងតូក្យូផងដែរ។ ក្នុងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ វេទិកានេះ បានប្រកាសបើកមជ្ឈមណ្ឌលបដិវត្តន៍ ឧស្សាហកម្មទីបួន ក្នុងទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ។ តាមប្រភពពីវេទិកាបានឱ្យដឹងថា មជ្ឈមណ្ឌលនេះ នឹងធ្វើជាវេទិកាសម្រាប់ការ ផ្លាស់ប្តូរវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីផ្លាស់ប្តូរការរស់នៅរបស់មនុស្ស ការងារ និងការទំនាក់ទំនង ពីកន្លែងមួយទៅកន្លែងមួយទៀត។
*សមាជិកភាព៖
វេទិកាសេដ្ឋកិច្ចពិភពលោក កំពុងព្យាយាម ក្លាយជាស្ថាប័នអព្យាក្រឹត្យ មិនពាក់ព័ន្ធនឹងរឿងនយោបាយ បក្សពួកនិយម ឬដើម្បីតែផលប្រយោជន៍ ជាតិសាសន៍ណាមួយ។ វេទិកានេះ បានប្តេជ្ញាក្នុងការជម្រុញពិភពលោក ឱ្យបោះជំហានទៅមុខ។ ក្នុងអំឡុងនៃកិច្ចប្រជុំប្រចាំឆ្នាំ មានអ្នកចូលរួមប្រមាណ២,៥០០នាក់ ពីប្រមាណ១០០ប្រទេស ប្រមូលផ្តុំគ្នាទីក្រុង Davos។
ក្នុងនោះមនុស្សប្រមាណ ១,៥០០នាក់ ជាថ្នាក់ដឹកនាំពាណិជ្ជកម្ម សមាជិក១,០០០នាក់ផ្សេងទៀត ជាម្ចាស់ក្រុមហ៊ុន កំពូលៗលើពិភពលោក។ ជាមួយគ្នានេះដែរ ក៏អ្នកចូលរួមផ្សេងទៀតដូចជា តួអង្គសាធារណៈ២១៩រូប ថ្នាក់ដឹកនាំរដ្ឋ ឬរដ្ឋាភិបាល៤០រូប មន្ត្រី៦៤រូប មន្ត្រីជាន់ខ្ពស់តំណាងអង្គការអន្តរជាតិចំនួន៣០រូប និងអគ្គរដ្ឋទូត១០រូប។ ក្រៅពីនោះនៅមានការចូលរួម ពីសំណាក់អ្នកវិភាគ និងមេដឹកនាំស្ថាប័នអប់រំ១៤៩រូប មេដឹកនាំសាសនាផ្សេងៗ១៥រូប និងមេដឹកនាំសហព័ន្ធ១១រូប។
*ពានរង្វាន់៖
កម្មវិធីកំណែទម្រង់បច្ចេកវិទ្យា តែងរៀបចំកម្មវិធីប្រកាស ទទួលស្គាល់ក្រុមហ៊ុនទាំងឡាយណា ដែលច្នៃបង្កើត និងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី។ ស្ថាប័ននេះនឹងផ្តល់រង្វាន់ ដល់ក្រុមហ៊ុនប្រមាណពី៣០ ទៅ៥០ក្រុមហ៊ុនជារៀងរាល់ឆ្នាំ។ ចាប់តាំងពីឆ្នាំ២០០០មក កម្មវិធីនេះ បានផ្តល់ពានរង្វាន់ដល់ ក្រុមហ៊ុនជាង៤០០ ដែលមកពី៥ទ្វីប។
*ការរិះគន់៖
ក្នុងអំឡុងនៃទសវត្សរ៍ឆ្នាំ១៩៩០ អង្គការនេះក៏ដូចជាអង្គការផ្សេងទៀត រួមមាន អង្គការ G7 អង្គការធនាគារពិភពលោក និងអង្គការហិរញ្ញវត្ថុអន្តរជាតិ បានរងការរិះគន់ចាស់ដៃ ពីសំណាក់សកម្មជនប្រឆាំង សកលភាវូនីយកម្ម ដែលចាត់ទុកថា សកលភាវូបនីយកម្មជា អ្នកបង្កើនភាពក្រីក្រ និងបំផ្លាញបរិស្ថាន។
មិនតែប៉ុណ្ណោះមនុស្ស១០ពាន់នាក់ ធ្លាប់បានធ្វើបាតុកម្មប្រឆាំង វេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Melbourne ដោយបានរារាំង ដល់គណប្រតិភូ២០០នាក់ មិនអាចចូលរួមក្នុងកិច្ចប្រជុំបាន។ ជាថ្មីម្តងទៀត កាលពីឆ្នាំ២០០៣កន្លងទៅនេះ បាតុកម្មត្រូវបានរៀបចំឡើងនៅទីក្រុង Davos ដើម្បីប្រឆាំងកិច្ចប្រជុំនេះដូចគ្នា៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា