(បន្ទាយមានជ័យ)៖ ផ្ទះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន ចំនួន ៥០ខ្នង ត្រូវបានប្រគល់ជូនយោធិនពិការ ក៏ដូចជាអតីតយុទ្ធជននៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ ភ្នំឆ័ត្រ ស្ថិតនៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ផ្ទះទាំង ៥០ខ្នងនេះ ត្រូវបានប្រគល់ជូនដោយនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ នាយឧត្តមសេនីយ៍ គន់ គីម បានប្រាប់អង្គភាពព័ត៌មាន Fresh News សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យសាងសង់ផ្ទះសរុប ១៥០ខ្នងជូនយោធិនពិការ ក៏ដូចជាអតីតយុទ្ធជននៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ភ្នំឆ័ត្រ។
ផ្ទះ ៥០ខ្នង ដែលប្រគល់ជូនយោធិនពិការ និងអតីតយុទ្ធជននាព្រឹកមិញនេះ គឺជាដំណាក់កាលដំបូង ខណៈដែល ១០០ខ្នង គ្រោងបញ្ចប់ការសាងសង់នៅខែក្រោយ ហើយនឹងប្រគល់ជូនយោធិនពិការ និងអតីតយុទ្ធជនតែម្តង។
យោធិនពិការ ក៏ដូចជាអតីតយុទ្ធជន ដែលទទួលបានផ្ទះសម្រាប់ការស្នាក់នៅឲ្យបានសមរម្យនេះ បានបង្ហាញក្តីត្រេកអរ និងរីករាយ ព្រមទាំងបានសម្តែង ការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ផងដែរ។ យោធិនពិការ និងអតីតយុទ្ធជន បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំមួយរូប ដែលតែងតែយកចិត្តទុកដាក់ទៅលើសុខទុក្ខពួកគេ។
ការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យយោធិនពិការ និងអតីតយុទ្ធជន កាន់តែមានភាពកក់ក្តៅ ហើយក៏មិនសោកស្តាយឡើយ បើទោះបីពួកគេបានរងគ្រោះលើសមរភូមិព្រោះបុព្វហេតុជាតិមាតុភូមិ៕