(បាត់ដំបង)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងពិធី បូកសរុបសន្និបាតលទ្ធផលការងារ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ក្នុងនោះក៏មានការចូលរួមពី សមាជិក សមាជិការ ប្រមាណជាង៥០០នាក់ផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា សង្កាត់ព្រែកព្រះស្តេច ក្នុងក្រុងបាត់ដំបង ត្រូវបានជ្រើសរើសជាសង្កាត់គំរូមួយ ដែលមានរចនាសម្ព័ន្ឋដឹកនាំត្រឹមត្រូវ ដែលប្រធានយុវជនសង្កាត់កើតចេញពីការបោះឆ្នោត។
នៅក្នុងសន្និបាតនេះ សង្កាត់ក៏បានបង្ហាញពីលទ្ធផលការងារ ដែលខ្លួនសម្រេចបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក និងបង្ហាញពីផែនការអនុវត្ត គោលនយោនបាយសង្កាត់ សម្រាប់អនុវត្តបន្តនៅក្នុងអាណត្តិទី៤ ឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ដើម្បីសុំការគាំទ្រពីសមាជិក សមាជិការបស់ខ្លួនផងដែរ ក្នុងមូលដ្ឋានដែលមានបេក្ខភាពឈរឈ្មោះចំនួន៣៤នាក់ ហើយការសម្រេចបោះឆ្នោតជ្រើសរើស បេក្ខភាពក្រុមប្រឹក្សាសង្កាត់វិញ គប្បីកុំប្រើមនោសញ្ចេតនាត្រូវគិតពីសមត្ថភាព និង គុណភាព ដឹកនាំព្រមទាំងមានឧត្ថមគតិខ្ពស់ ចំពោះការអភិវឌ្ឍមូលដ្ឋាន និងផ្ដល់សេចក្ដីសុខសាន្ត ជូនប្រជាជន។
សូមបញ្ជាក់ថា យោងតាមប្រតិទិន របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណ្ណត្តិទី៤ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕