(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម សហការជាមួយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងផ្សារទំនើបអ៉ីអនម៉ល រួមគ្នាបើកយុទ្ធនាការ ទទួលអំណោយឈាម ពីសប្បុរសជននានា ដែលមានបំណងចង់បរិច្ចាគឈាម នៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីថ្ងៃទី១៤ ខែមករា សប្ដាហ៍នេះតទៅ ក្នុងស្ថានីយ៍ទទួលអំណោយឈាម ជាន់ទី១ នៃផ្សារទំនើបអ៉ីអនម៉ល ដើម្បីយកទៅជួយជនរងគ្រោះស្របតាមតម្រូវការ។
ថ្ងៃដំបូងនៃយុទ្ធនាការ លោកវិជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលផ្ដល់ឈាម បានឲ្យដឹងថា ស្ថានីយ៍ទទួលអំណោយឈាម នៅផ្សារទំនើបអ៉ីអនម៉លនេះ ត្រូវបានបង្កើតឡើងដោយ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល សហការជាមួយផ្សារទំនើបអ៉ីអនម៉ល និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្នុងគោលបំណង ដើម្បីទទួលអំណោយឈាម ពីប្រជាពលរដ្ឋ យុវជន និងសប្បុរសជននានា ឆ្លយតបតាមតម្រូវការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ។
លោកវិជ្ជបណ្ឌិត ហុក គឹមចេង បានបន្តថា «ស្ថានីយ៍ទទួលអំណោយឈាមនេះ គឺបើកឲ្យដំណើរការចាប់ពី ម៉ោង៩៖៣០នាទីព្រឹក រហូតដល់ម៉ោង៤ល្ងាច រៀងរាល់ថ្ងៃសៅរ៍ រាល់សប្ដាហ៍ ចាប់ពេលនេះតទៅ»។
លោក វ៉ាតសន អភិវឌ្ឍនាគូន នាយករងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានឲ្យដឹងថា ការរៀបចំបង្កើតឲ្យមានស្ថានីយ៍ទទួលអំណោយឈាមនេះឡើង «គឺដើម្បីបង្ខិតឲ្យកាន់តែជិតទៅដល់ប្រជាពលរដ្ឋ យុវជន និងសប្បុរសជន ដែលមានបំណងចង់បរិច្ចាគឈាមស្ម័គ្រចិត្ត ឲ្យបានងាយស្រួលបំផុត ព្រោះពួកគាត់ មិនមានពេលវេលា សម្រាប់ទៅអង្គុយចាំយើងឡើយ ហើយពេលក្រុមគ្រូពេទ្យ ចុះធ្វើការទទួលអំណោយឈាមម្ដងៗ ពួកគាត់មិនមានពេល សម្រាប់ចូលទៅបរិច្ចាគឈាម ជូនកាលពួកគាត់ជាប់រវល់កិច្ចការផ្ទាល់ខ្លួន និងបញ្ហាមួយចំនួន ដែលធ្វើការបរិច្ចាគឈាមមានការអាក់ខាន»។
លោក វ៉ាតសន បានបញ្ជាក់ថា បរិក្ខាប្រើប្រាស់ មានម្ជុល ប្លោកឈាម និងបរិក្ខាដទៃទៀត ដែលបម្រើការងារដ៏សំខាន់ទាំងនេះ គឺមានសុវត្ថិភាពខ្ពស់បំផុត ហើយបុគ្គលិកក៏មានការបណ្ដុះបណ្ដាល ស្ទាត់ជំនាញបំផុត ធានាសុវត្ថិភាព ១០០ភាគរយ ពោលពុំមានផលប៉ះពាល់ ដល់សុខភាពរបស់អ្នកបរិច្ចាគឈាមឡើយ ហើយនេះ ជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាបំផុត សម្រាប់ជួយសង្គ្រោះជនរងគ្រោះទាំងអស់។
លោក ណាកានីស៊ី ម៉ាណាប៊ុ ប្រធានផ្នែកប្រតិបត្តិ ក្នុងផ្សារទំនើបអ៉ីអនម៉លភ្នំពេញ បានឲ្យដឹងដែរថា ក្នុងយុទ្ធនាការទទួលអំណោយឈាមនេះ ផ្សារទំនើបអ៉ីអនម៉ល បានចូលរួមសហការផងដែរ ដោយបានផ្ដល់ជាទីតាំង សម្រាប់ឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បង្កើតស្ថានីយ៍ទទួលអំណោយឈាមមួយ។ «ផ្សាទំនើបអ៉ីអនម៉ល បានផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួន អំពីយុទ្ធនាការនេះ ហើយថ្នាក់ដឹកនាំផ្សារ នឹងធ្វើការផ្សព្វផ្សាយអំពាវ ដល់តំណាងហាងទំនិញនីមួយៗ បុគ្គលិកដែលបម្រើការក្នុងផ្សារ ដើម្បីបំផុសចលនាចូលរួមបរិច្ចាគឈាមនេះ ឲ្យបានច្រើនថែមទៀត»។
ទោះយ៉ាងណា លោកវិជ្ជបណ្ឌិត ហុក គឹមចេង បានបញ្ជាក់ថា មជ្ឈមណ្ឌលជាតិផ្ដល់ឈាម កំពុងបង្កើនកិច្ចសហការបន្ថែម ជាមួយគ្រប់ស្ថាប័ន អង្គភាព វិស័យឯកជន មន្ទីរពេទ្យរដ្ឋ-ឯកជនទាំងអស់ និងសាកលវិទ្យាល័យនានា ក៏ដូចជាកិច្ចសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហមកម្ពុជា ដើម្បីធ្វើយុទ្ធនាការនៃការបរិច្ចាគឈាម នៅគ្រប់ទិសទីទាំងអស់ ធ្វើយ៉ាងជំរុញឲ្យការបរិច្ចាគឈាមមានសន្ទុះកើនឡើង។
ដោយឡែក សម្រាប់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញវិញ ការបានបើកយុទ្ធនាការបរិច្ចាគឈាមជាមួយ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ចំនួន៤ដងក្នុងមួយឆ្នាំ ដែលក្នុងនោះបុគ្គលិកមន្ទីរពេទ្យផ្ទាល់ ក៏បានចូលរួមបរិច្ចាគឈាម ផងដែរ។ លោក វ៉ាតសន ថា «ក្រោយពីដឹងថា មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានបង្កើតស្ថានីយ៍ទទួលអំណោយឈាម នៅផ្សារអ៉ីអនម៉លនេះ រួចមក មន្ទីរពេទ្យបានចូលរួមសហការជាមួយ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីបង្កើនការរួមចំណែកបន្ថែមទៀត ក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា»។
សូមជម្រាបថា នៅឆ្នាំ២០១៦ មជ្ឈមណ្ឌលផ្ដល់ឈាម បានទទួលអំណោយឈាម នៅទូទាំងប្រទេស ចំនួន «៦៥,០០០ប្លោក» ក្នុងនោះនៅរាជធានីភ្នំពេញ ទទួលបានប្រមាណ «៤៥,០០០ប្លោក» និងបានប្រើប្រាស់អស់តាមតម្រូវការ។ ចំណែក នៅឆ្នាំ២០១៧ មជ្ឈមណ្ឌលផ្ដល់ឈាមត្រូវការឈាមយ៉ាងតិច «៧០,០០០ប្លោក», នេះបើតាមការបញ្ជាក់របស់លោកវិជ្ជបណ្ឌិត ហុក គឹមចេង៕